ប្រទេសអ៊ីតាលី ៖ អ៊ីតាលីនឹងទទួលបានតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៤នេះ ក្រោយពីចម្ការទំពាំងបាយជូរនៅប្រទេសបារាំងរងផលប៉ះពាល់ដោយសារការធ្លាក់ព្រិល និងមានទឹកសំណើមច្រើនក្នុងចម្ការទំពាំងបាយជូរ ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន AFP កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រសួងកសិកម្មអ៊ីតាលីឱ្យដឹងថា ការផលិតស្រាទំពាំងបាយជូររបស់អ៊ីតាលីនឹងកើនឡើង៨% ឬកើនឡើងចាប់ពី៤១លាន ទៅ៤២លានហិកតា ក្រោយពេលការផលិតបានធ្លាក់ចុះ កាលពីឆ្នាំ២០២៣ ។ អ៊ីតាលីនឹងវ៉ាដាច់បារាំងនាពេលឆាប់ៗ ពីព្រោះក្រសួងកសិកម្មបារាំងរំពឹងថា ការផលិតស្រាទំពាំងបាយជូររបស់បារាំងនឹងធ្លាក់ចុះ១៨% ឬធ្លាក់ចុះជាង៣៩លានហិកតា ។
យោងតាមទិន្នន័យរបស់អង្គការស្រាទំពាំងបាយជូរអន្តរជាតិបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦មក អ៊ីតាលីបានគ្រប់គ្រងតំណែងជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនបំផុតលើពិភពលោក ប៉ុន្តែនៅឆ្នាំ២០១១, ឆ្នាំ២០១៤ និងឆ្នាំ២០២៣ អ៊ីតាលីបានបាត់បង់តំណែងនេះទៅឱ្យបារាំង ។
ទោះយ៉ាងណា នៅតំបន់ខាងជើងប្រទេសអ៊ីតាលីបានប្រឈមជាមួយបញ្ហាភ្លៀងធ្លាក់ខ្លាំង និងមានព្រិលធ្លាក់ច្រើនក្នុងនិទាឃរដូវ និងរដូវក្តៅ ។ រីឯតំបន់ខាងត្បូងអ៊ីតាលីបានប្រឈមនឹងគ្រោះរាំងស្ងួត ក្តៅខ្លាំង និងមានភ្លៀងធ្លាក់តិចតួច ។ ហេតុនេះ ទើបធ្វើឱ្យកសិករអ៊ីតាលីប្រញាប់ប្រមូលផលទំពាំងបាយជូរលឿនជាងពេលធម្មតា ។.png)
ចំណែកនៅតំបន់ភ្នំជូរ៉ា ស្ថិតនៅភាគខាងកើតប្រទេសបារាំងឯណោះវិញ មានសំណើមច្រើន និងជំងឺផ្សិត ដែលបណ្តាលឱ្យទិន្នផលដំណាំទំពាំងបាយជូរធ្លាក់ចុះរហូតដល់៧១% ក្នុងតំបន់ឆារ៉ម ។ រីឯតំបន់ភាគខាងលិចបារាំង ទិន្នផលទំពាំងបាយជូរបានធ្លាក់ចុះ៣៥% នៅជ្រលងភ្នំលួ និងធ្លាក់ចុះ៣០% នៅទីក្រុងបូឆូឡេ ដោយសារចម្ការទំពាំងបាយជូរនៅតំបន់ទាំងនេះមានព្រិលធ្លាក់ច្រើនពេក ៕










