ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្សារទំនើបជាច្រើនកន្លែងនៅប្រទេសស៊ុយអែតបានប្រើប្រាស់ធ្នើរដាក់ទំនិញធ្វើជាកន្លែងដាំបន្លែលើទឹក ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទិញបន្លែស្រស់ៗ គ្មានសារធាតុគីមី ។ បន្លែទាំងនេះបានដាំក្នុងបន្ទះជ័រដែលមានទឹកនៅខាងក្រោមតម្រៀបគ្នាជាជួរលើធ្នើរ ដែលមានបុគ្គលិកក្រុមហ៊ុនកសិកម្មឈ្មោះ SweGreen ជាអ្នកថែទាំ ។
ការដាំបន្លែក្នុងផ្សារទំនើបនេះ ក្រុមហ៊ុន SweGreen មានគោលបំណងដោះស្រាយបញ្ហាមួយចំនួន ដូចជា ៖ ការខ្វះខាតទឹកស្រោចស្រពបន្លែ, ផ្ទៃដីកសិកម្មពុំគ្រប់គ្រាន់, កាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ និងជាការធ្វើកសិកម្មពុំប៉ះពាល់បរិស្ថាន ។

លើសពីនេះ ការដាំបន្លែបៃតងក្នុងស្រុកនឹងជួយកាត់បន្ថយការទិញបន្លែពីក្រៅប្រទេស, កាត់បន្ថយការបញ្ចេញជាតិពុលពេលដឹកជញ្ជូន, រក្សាទុកបានយូរ, បន្លែមានគុណភាពល្អ និងពុំប្រើប្រាស់ដីសម្រាប់ដាំទេ ។ បច្ចុប្បន្ន បន្លែស្រស់របស់ក្រុមហ៊ុនបានដាក់លក់នៅតាមផ្សារទំនើបនៅស៊ុយអែត និងអាល្លឺម៉ង់ ។ បន្លែទាំងអស់ទទួលបានការថែទាំយ៉ាងល្អ គ្មានសត្វល្អិតបំផ្លាញ និងសារធាតុគីមីទេ ។ វាជាការផ្តល់ទំនុកចិត្តដល់អតិថិជនអាចទិញបន្លែស្រស់ពេញ១ឆ្នាំ, ស្អាត និងមានសុវត្ថិភាព ។

ការដាំបន្លែទាំងអស់បានប្រើប្រាស់ទឹកតិចតួច គឺក្រុមហ៊ុនអាចដាំស្ពៃក្រញាញ់បាន១គីឡូក្រាម ដោយត្រូវការទឹកត្រឹមតែ១លីត្រប៉ុណ្ណោះ ។ នេះជាការប្រើប្រាស់ទឹកតិចជាងការដាំស្ពៃក្រញាញ់នៅទីវាល រហូតដល់៩៩% ខណៈការដាំនៅទីវាលប្រើទឹករហូតដល់២៥០លីត្រ ។ ពេលយកបន្លែមកដាំក្នុងផ្សារទំនើបបែបនេះ ក្រុមហ៊ុនពុំចាំបាច់ចំណាយប្រាក់លើដឹកជញ្ជូនបន្លែទេ ខណៈការដឹកជញ្ជូនបន្លែបានបញ្ចេញកាបូនឌីអុកស៊ីតទៅបរិយាកាស ។
ក្រុមហ៊ុនបានដាំបន្លែក្នុងផ្សារទំនើបចំនួន១០០មុខ ដូចជា ៖ ស្ពៃក្រញាញ់, ស្លឹកជីរ, ជីអង្កាម និងជីស្លឹកវែង ជាដើម ។ នាយកក្រុមហ៊ុន SweGreen និយាយថា ក្រុមហ៊ុននឹងពង្រីកការដាំបន្លែបន្ថែមទៀត ដូចជា ៖ ដាំក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងសាកលវិទ្យាល័យ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាកល្បងដាំឈើហូបផ្លែ និង Strawberry ៕










