ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាការដឹកជញ្ជូនទំនិញរបស់ប្រទេសអាល្លឺម៉ង់មួយឈ្មោះ Ecoro បានបង្ហាញពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញដោយស្វ័យប្រវត្តិ គឺការដឹកទំនិញតាមច្រកក្រោមដី ។ វាជាការបង្កើនសក្តានុពលនៃឧស្សាហកម្មដឹកជញ្ជូន, កាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវ ហើយវានឹងពុំបញ្ចេញជាតិពុលប៉ះពាល់បរិយាកាស ។
ក្រុមហ៊ុនអាល្លឺម៉ង់នឹងបង្កើតប្រព័ន្ធដឹកជញ្ជូនទំនិញបែប end-to-end ទាំងស្រុង (ឬជាប្រព័ន្ធដឹកជញ្ជូនដែលគ្រប់គ្រងចាប់ពីចំណុចបញ្ជូនទំនិញ រហូតដល់ចំណុចគោលដៅ) ។ ក្រុមហ៊ុនអះអាងថា វាជាប្រព័ន្ធដឹកជញ្ជូនទំនិញទំនើបមួយដែលអាចជឿទុកចិត្តបាន, ចំណេញពេលវេលា និងមាននិរន្តរភាព ។
ក្រុមហ៊ុន Ecoro នឹងបែងចែកប្រព័ន្ធដឹកជញ្ជូននេះជា៤ផ្នែក រួមមាន ៖ រថយន្តអគ្គិសនីដឹកជញ្ជូនទំនិញ, បណ្តាញដឹកជញ្ជូនជាក់លាក់, កម្មវិធី Software គ្រប់គ្រងប្រព័ន្ធ និងអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ។
រថយន្តអគ្គិសនីមានទំហំតូចសម្រាប់ដឹកជញ្ជូនទំនិញ (ឬ Ecoro Shuttle) នឹងបើកបរដោយស្វ័យប្រវត្តិ ហើយវាអាចដឹកទំនិញរហូតដល់ជាង២តោន ។ រថយន្តនឹងបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង និងគ្រប់គ្រងដោយកម្មវិធី Software របស់មជ្ឈមណ្ឌលគ្រប់គ្រង (ឬ Ecoro control center) ។ កម្មវិធីនេះនឹងគ្រប់គ្រងរថយន្តដឹកជញ្ជូនទំនិញរយៈពេល២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងគ្រប់គ្រងការផ្ទេរទំនិញ ។
ក្រុមហ៊ុនបញ្ជាក់ថា រថយន្តអគ្គិសនីនឹងមកទទួលទំនិញនៅអគារផ្ទេរទំនិញដោយស្វ័យប្រវត្តិ ហើយពេលរថយន្តទទួលបានទំនិញរួចហើយ រថយន្តនឹងបើកបរតាមបណ្តាញដឹកជញ្ជូនជាក់លាក់ ដើម្បីទៅកាន់ចំណុចគោលដៅ ។
ចំណែកគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីផ្លាស់ប្តូរឧស្សាហកម្មការដឹកជញ្ជូនទំនិញទៅរកការដឹកជញ្ជូនបែបទំនើបទាំងស្រុង និងគ្មានការអន្តរាគមន៍ពីមនុស្ស ។ ក្រុមហ៊ុនឱ្យដឹងថា ប្រព័ន្ធដឹកជញ្ជូននេះនឹងជួយបង្កើនប្រសិទ្ធភាពការងារ និងសន្សំសំចៃថ្លៃដឹកជញ្ជូនច្រើនរហូតដល់៥០% បើធៀបនឹងការដឹកជញ្ជូនតាមដងផ្លូវ ។
ក្រៅពីនេះ ប្រព័ន្ធដឹកជញ្ជូនទំនិញតាមច្រកក្រោមដី គឺប្រកបដោយនិរន្តរភាព, កាត់បន្ថយបរិមាណការប្រើប្រាស់រថយន្តដឹកជញ្ជូន និងការបំភាយកាបូនឌីអុកស៊ីតទៅបរិយាកាស ។ វាជាការដឹកជញ្ជូនដែលប្រើប្រាស់ថាមពលអគ្គិសនី, គ្មានការបំពុលបរិយាកាស, មិនបង្កសំឡេងរំខាន, មិនបង្កើតធូលី និងចៀសវាងបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ៕










