ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃមានគម្រោងចាក់ដីក្នុងសមុទ្របង្កើតកោះចំនួន៩ ដើម្បីការពារទឹកជំនន់លិចទីក្រុងបាងកក ។ គម្រោងនេះនឹងស្នើឱ្យក្រុមហ៊ុនឯកជនវិនិយោគដោយផ្តល់សម្បទានរយៈពេល៩៩ឆ្នាំ ដោយសារថៃតែងតែរងគ្រោះដោយសារទឹកជំនន់ញឹកញាប់ ។
បញ្ហាទឹកជំនន់បានកើតឡើងម្តងហើយម្តងទៀតនៅទីក្រុងបាងកក និងតំបន់ជុំវិញ ធ្វើឱ្យរដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត់ ពិចារណាបង្កើតកោះចំនួន៩ ដើម្បីការពារទឹកជំនន់ ។ ជំហ៊ានដំបូង រដ្ឋាភិបាលថៃនឹងចាប់ផ្តើមអនុវត្តគម្រោងបង្កើតកោះនៅសមុទ្របាងខុនធៀន មុនគេ ។
ពេលទឹកកកនៅតំបន់ប៉ូលរលាយយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យកម្រិតទឹកសមុទ្រនៅឈូងសមុទ្រថៃកើនឡើងខ្ពស់ ចាប់ពី៥ម៉ែត្រ ទៅ៦ម៉ែត្រ ហើយវាបណ្តាលឱ្យមានទឹកជំនន់នៅតំបន់មួយចំនួនរបស់ថៃកាន់តែខ្លាំង ។ តំបន់នឹងរងផលប៉ះពាល់ខ្លាំងជាងគេ គឺទីក្រុងបាងកក, ខេត្តនុនថាក់បុរី, អាងថង, អយុធ្យា, ប្រាជីនបុរី, សមុទ្រសាខន, សមុទ្រសុងក្រាម, ផេតបុរី និងតំបន់មួយចំនួនរបស់ខេត្តឈុនបុរី ។
បើនិយាយពីវិធានការទប់ស្កាត់រយៈពេលខ្លី ដូចជា ៖ ការសាងសង់ទំនប់ទឹក និងបិទចំណុចធ្លាយរបស់ទំនប់ទឹក គឺថៃនឹងអាចទប់ស្កាត់ទឹកជំនន់ ចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំទៀតប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃអនាគត ពេលបរិមាណទឹកកើនឡើងខ្ពស់ជាងនេះ ថៃនឹងពុំអាចប្រើប្រាស់វិធានការទប់ស្កាត់ទៀតទេ ។ ហេតុនេះ រដ្ឋាភិបាលថៃចាប់ផ្តើមពិចារណាពីគម្រោងបង្កើតកោះចំនួន៩ ក្នុងសមុទ្រ ដើម្បីការពារទឹកជំនន់រយៈពេលយូរ ។.png)
កោះនីមួយៗនឹងមានទំនប់ការពារទឹកជំនន់ និងមានទ្វារទំនប់ទឹកសម្រាប់បើក-បិទ ។ កោះទី១ នឹងសាងសង់ក្នុងសមុទ្របាងខុនធៀន បន្ទាប់មក ថៃនឹងបង្កើតកោះផ្សេងទៀត រហូតដល់ខេត្តឈុនបុរី ។ កោះទាំងអស់នឹងលាតសន្ធឹងក្នុងប្រវែងសរុប១០០គីឡូម៉ែត្រ ហើយកោះនីមួយៗនឹងស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រ១គីឡូម៉ែត្រ និងមានផ្លូវភ្ជាប់ជាមួយតំបន់ឆ្នេរដើម្បីងាយស្រួលធ្វើដំណើរ ។
ចំណែកការវិនិយោគ គឺរដ្ឋាភិបាលថៃនឹងស្នើឱ្យក្រុមហ៊ុនឯកជនវិនិយោគ ព្រមទាំងផ្តល់សម្បទានប្រើប្រាស់ដីធ្លីរយៈពេល៩៩ឆ្នាំ ។ ហេតុនេះ ក្រុមហ៊ុនឯកជននឹងអាចអភិវឌ្ឍន៍កោះ និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ដូចជា ៖ បង្កើតទីក្រុងបៃតង ។.png)
លោក ផ្លតប្រាសប់ សុរ៉ាស់សាវ៉ាឌី អតីតឧបនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មការបរិស្ថានគណបក្សភឿថៃ និយាយថា វាជាគម្រោងថ្មី ហើយបើមានការវិនិយោគមែននោះ នឹងត្រូវការថវិកាច្រើនបំផុត ។ គម្រោងនេះចាំបាច់សម្រាប់រដ្ឋាភិបាលសម្រេចចិត្តថា នឹងចាប់ផ្តើមដំណើរការដែរឬទេ ពីព្រោះត្រូវចំណាយពេលរហូតដល់ជាង២០ឆ្នាំ ហើយថៃនឹងយកគំរូតាមគម្រោងបង្កើតកោះរបស់ឌូបៃ, ហុងកុង, សិង្ហបុរី និងហូឡង់ ។ វាជាឱកាសអាចប្រើប្រាស់ចំណេះដឹងផ្នែកវិស្វកម្មសមុទ្រ និងក្លាយជាប្រយោជន៍សម្រាប់អភិវឌ្ឍន៍ប្រទេសថៃ នាថ្ងៃអនាគត ។
រីឯលោក ភូមិថាំ វេជឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា គម្រោងបង្កើតកោះចំនួន៩នេះ គឺជាគំនិតថ្មី ហើយរដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីជំរុញការអនុវត្តគម្រោង ។ ទឹកជំនន់ គឺជាបញ្ហាធំមួយរបស់រដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលត្រូវប្រញាប់ដោះស្រាយទាំងរយៈពេលខ្លី និងវែង ។ វាស្របពេលកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ដោយសារអាកាសធាតុក្តៅលើពិភពលោក ហើយថៃគួររកវិធានការដោះស្រាយជាមួយបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ។
បើតាមការចាត់ចំណាត់ថ្នាក់របស់ Global Climate Risk Index 2021 បញ្ជាក់ថា ថៃស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ក្នុងចំណោម១៨០ប្រទេស ដែលប្រឈមនឹងគ្រោះធម្មជាតិដោយសារអាកាសធាតុក្តៅ ៕










