ប្រទេសថៃ ៖ យើងសង្កេតឃើញថា នៅឆ្នាំ២០២៤នេះ សារព័ត៌មានថៃបានរាយការណ៍ជាញឹកញាប់អំពីស្ថានភាពទឹកជំនន់នៅប្រទេសថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា ៖ បំផ្លា.ញ ផលដំណាំ, ខូចខាតហេដ្ឋារចនាសម្ព័ន្ធ, ខូចខាតទ្រព្យសម្បត្តិពលរដ្ឋ រហូតដល់មានពលរដ្ឋថៃស្លា.ប់ និងរងរបួ.ស ដោយសារទឹកជំនន់ទៀតផង ។ តើវាបណ្តាលមកពីទេវតាដាក់ទោ.ស ឬយ៉ាងណា ទើបថៃជួបគ្រោះធម្មជាតិផ្ទួនៗគ្នាបែបនេះ?.png)
បណ្តាខេត្តជាច្រើនរបស់ថៃបានជួបគ្រោះធម្មជាតិធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុង Yagi ដែលធ្វើឱ្យរដ្ឋាភិបាលថ្មីបារម្ភយ៉ាងខ្លាំង និងបញ្ជូនកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍ពលរដ្ឋក្នុងតំបន់រងគ្រោះមានទឹកលិចខ្លាំង ហើយពលរដ្ឋពុំអាចចាកចេញទៅកាន់កន្លែងសុវត្ថិភាពបាន ។ ជាក់ស្តែង នៅបណ្តាខេត្តភាគខាងជើងរបស់ថៃបានលិចលង់យ៉ាងខ្លាំង បើធៀបនឹងរយៈពេលជាច្រើនឆ្នាំមកនេះ ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅ ខ្យល់ព្យុះថ្មីៗជាច្រើនទៀតនឹងបោកបក់មកលើប្រទេសថៃ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ហើយឥទ្ធិពលខ្យល់ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ។ ហេតុនេះ រដ្ឋាភិបាលថៃបានប្រកាសឱ្យអាជ្ញាធរត្រៀមកម្លាំងចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។
ក្រោយពីឧតុនិយមថៃប្រកាសថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៤ ដោយសារថៃនឹងមានខ្យល់ព្យុះថ្មីៗបោកបក់បន្ថែមទៀត ធ្វើឱ្យពលរដ្ឋថៃរស់នៅតាមបណ្តាខេត្តបារម្ភយ៉ាងខ្លាំង និងបន់ស្រន់ទេវតា ព្រមទាំងម្ចាស់ទឹក ម្ចាស់ដី សូមឱ្យប្រទេសថៃរួចផុតពីគ្រោះធម្មជាតិនេះ ។
លោកយាយម្នាក់រស់នៅខេត្តឆ័យណាត និយាយថា លោកយាយ និងប្អូនស្រីបាននាំគ្នាបន់ស្រន់ម្ចាស់ទឹក ម្ចាស់ដី សូមជួយឱ្យប្រទេសថៃរួចផុតពីគ្រោះធម្មជាតិទឹកជំនន់ ហើយលោកយាយនឹងសែនមាន់ស្ងោរ ។ លោកយាយប្រាប់ថា ៖ «ខ្ញុំបានបន់ឱ្យទឹកជំនន់ស្រកទៅវិញឆាប់ៗ ហើយខ្ញុំនឹងសែនមាន់ស្ងោរដល់ម្ចាស់ទឹក ម្ចាស់ដី» ។
ក្រៅពីនេះ លោកយាយ និងប្អូនស្រីបានជួយគ្នាធ្វើជម្រកបណ្តោះអាសន្នតូចមួយនៅមាត់ផ្លូវធំទុកស្នាក់នៅផងដែរ ករណីភូមិស្រុករបស់លោកយាយមានទឹកជំនន់ភ្លាមៗ គឺលោកយាយនឹងបានជញ្ជូនសម្ភារៈមកកាន់ជម្រកបណ្តោះអាសន្ននេះ ។
ក្រៅពីខេត្តឆ័យណា នៅបណ្តាខេត្តផ្សេងៗរបស់ថៃ ក៏បានត្រៀមទប់ទល់នឹងស្ថានការណ៍ទឹកជំនន់ផងដែរ ដូចជា ៖ ខេត្តឧទ័យថានី, ស៊ីងបុរី, អាងថង, សុផាន់បុរី, អយុធ្យា, លុបបុរី, បាធុមថានី, នន់ថាក់បុរី, សមុទ្រប្រាកាន និងទីក្រុងបាងកក ។
អាជ្ញាធរថៃបានត្រៀមស្បៀងអាហារ, ទឹកបរិសុទ្ធ, ថ្នាំសង្កូវ និងទូកសម្រាប់ជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិច ព្រមទាំងដាស់តឿនពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ និងតំបន់គ្រោះថ្នាក់ឱ្យប្រុងប្រយ័ត្នកម្រិតទឹកកើនឡើងខ្ពស់ និងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីតំបន់ព្រៃភ្នំ ដើម្បីត្រៀមខ្លួនជញ្ជូនសម្ភារៈទៅកាន់ទីទួលមានសុវត្ថិភាព ៕










