ប្រទេសចិន៖ បន្ទាប់ក្រុមហ៊ុន Tesla របស់អាមេរិកកាលពីខែមុនបានបញ្ចេញរ៉ូបូតមនុស្សយន្ត Optimus ដែលសមត្ថភាពខ្ពស់គ្រោងនឹងចេញលក់នៅចុងឆ្នាំក្រោយ ក្រុមហ៊ុនចិន Agibot ថ្មីៗនេះក៏បានបញ្ចេញរ៉ូបូតមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Yuanzheng A2 គ្រោងនឹងចែកចាយនៅចុងឆ្នាំនេះផងដែរ។
យោងតាម Interesting engineering ក្រុមហ៊ុនចិន Agibot ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញមនុស្សយន្តស៊េរីថ្មីដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla ថាតើរវាងមនុស្សយន្ត AI កម្រិតខ្ពស់ទាំងពីរនេះមួយណាទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោកច្រើនជាង។
លោក Peng Zhihui ស្ថាបនិកក្រុមហ៊ុន Agibot បាននិយាយថា “យើងសម្រេចបាននូវរបកគំហើញជាច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផលក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះយើងស្ថិតនៅក្នុងក្រុមឈានមុខគេក្នុងឧស្សាហកម្មនេះ” ។ លោក Peng Zhihui បានបន្តទៀតថា ប្រទេសចិនត្រូវតែឈានមុខគេក្នុងការអភិវឌ្ឍន៍ផលិតផល AI និងមនុស្សយន្តកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុននេះនឹងណែនាំមនុស្សយន្តថ្មីចំនួន ៥ នៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ។
ដោយ Agibot គ្រោងនឹងចាប់ផ្តើមចែកចាយមនុស្សយន្តនៅក្នុងខែតុលា ជាមួយនឹងគោលដៅនៃការចែកចាយមនុស្សយន្តសរុបចំនួន ៣០០ នៅចុងឆ្នាំនេះ។ ហើយមនុស្សយន្តដែលក្រុមហ៊ុនបង្ហាញមុនគេ គឺមនុស្សយន្តប្រភេទ Bipedal Humanoid ដ៏ល្បីរបស់ Agibot មានឈ្មោះថា Yuanzheng A2 ដែលមនុស្សយន្តនេះមានកម្ពស់ ១៧៥ សង់ទីម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាផ្សេងៗ និងបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់។
នេះអនុញ្ញាតឱ្យមនុស្សយន្តមើលឃើញ ក៏ដូចជាស្តាប់ឮ និងយល់ព័ត៌មានក្នុងទម្រង់ជារូបភាព អត្ថបទ និងសំឡេង។ Yuanzheng A2 ត្រូវបានរចនាឡើងដោយភាពជាក់លាក់ខ្ពស់អាចធ្វើការងារដ៏ល្អិតល្អន់ដូចជាការកាត់ខ្សែស្រោបតាមភ្នែកម្ជុល។ លើសពីនេះ ស៊េរីផលិតផលថ្មីនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្តដែលមើលទៅរឹងមាំជាងមុនដែលមានឈ្មោះថា A2 Max និងមនុស្សយន្តដែលមើលទៅដូចជាមនុស្សយន្តសេវាកម្មដែលមានឈ្មោះថា A2-W, X1, X1-W សុទ្ធតែត្រូវបានដាក់នៅលើទីផ្សារពិភពលោកទាំងអស់ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងមនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla៕










