ប្រទេសចិន ៖ ពេលប្រទេសចិនឈានទៅផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ និងកំពុងសាកល្បងរថយន្តតាក់ស៊ីប្រភេទនេះបើកបរនៅតាមផ្លូវនានាក្នុងទីក្រុងជាច្រើន ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកបើកបររថយន្តតាក់ស៊ីកាន់តែបារម្ភទៅវិញ ពីព្រោះពួកគេខ្លាចថា រថយន្តតាក់ស៊ីគ្មានមនុស្សបើកទាំងនេះនឹងធ្វើឱ្យពួកគេបាត់បង់ការងារ និងចំណូល ។
បច្ចុប្បន្ន សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវបានគេឃើញកាន់តែច្រើននៅតាមផ្លូវក្នុងទីក្រុង Wuhan ដូចជា ៖ រថយន្តតាក់ស៊ីម៉ាក Apollo Go របស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតឈ្មោះ Baidu ។ ក្រុមហ៊ុននេះកំពុងសាកល្បងផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិចំនួន៥០០គ្រឿង ក្នុងទីក្រុង Wuhan ។
សារព័ត៌មាន Reuters រាយការណ៍ថា សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបានធ្វើឱ្យអ្នកប្រកបរបរបើករថយន្តតាក់ស៊ីនៅប្រទេសចិនព្រួយបារម្ភ ដោយសាររថយន្តបើកបរដោយស្វ័យប្រវត្តិផ្តល់សេវាកម្មភាគច្រើនក្នុងចម្ងាយផ្លូវជិតៗ ។ ហេតុនេះ វាប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកបើករថយន្តតាក់ស៊ី ខណៈក្រុមហ៊ុន Baidu មានគម្រោងពង្រីកសេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យបានដល់១០០ទីក្រុងនៅឆ្នាំ២០៣០ គឺកាន់តែធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភខ្លាំងឡើង ។
សារព័ត៌មាន Reuters រាយការណ៍ទៀតថា មិនមែនមានតែអ្នកបើកបររថយន្តតាក់ស៊ីប៉ុណ្ណោះទេដែលបារម្ភ ប៉ុន្តែបណ្តាគ្រូបង្រៀនបើករថយន្តនៅតាមសាលានានា ក៏បារម្ភជាមួយស្ថានការណ៍នេះដូចគ្នាដែរ ពីព្រោះបច្ចុប្បន្ន សាលាបង្រៀនបើករថយន្តចាប់ផ្តើមយកមនុស្សយន្តមកបង្រៀនបើករថយន្តកាន់តែច្រើន ។ សាលាបង្រៀនបើករថយន្តមួយកន្លែងឱ្យដឹងថា បច្ចុប្បន្ន អ្នករៀនបើករថយន្តភាគច្រើនជ្រើសយកមនុស្សយន្តមកបង្រៀនពួកគេ ហើយអត្រាប្រឡងជាប់ក៏កើនឡើងដែរ ។
សាលាបង្រៀនបើករថយន្តមួយចំនួនបានទទួលយកគ្រូបង្រៀនបើករថយន្តតិចជាងមុន ហើយសាលាទាំងនេះងាកមកប្រើប្រាស់បច្ចេកវិទ្យា AI ឬមនុស្សយន្តជួយបង្រៀនបើករថយន្តជំនួសមនុស្ស ដោយសារអាចសន្សំសំចៃប្រាក់ឈ្នួល, ឆ្លើយតបនឹងការរៀន ការបង្រៀនឯករាជ្យ ហើយសិស្សអាចរៀនបើករថយន្តដោយខ្លួនឯងគ្រប់ពេលវេលា ។
គ្រូបង្រៀនបើករថយន្ត មានតួនាទីបង្រៀនសិស្សឱ្យចេះបើករថយន្តតែប៉ុណ្ណោះ ហើយពុំបានបង្រៀនពីទ្រឹស្តីផ្សេងទេ ។ ប៉ុន្តែបច្ចេកវិទ្យា AI ក្នុងរថយន្តនឹងផ្តល់ការណែនាំសំខាន់ៗពីវិធីបើកបរ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់គ្រូបង្រៀនបើកបរ ។
យោងតាមទិន្នន័យពីផ្នែកវិភាគរបស់ក្រុមហ៊ុនបណ្តាញសារព័ត៌មាន The Economist ដែលតែងតែចុះផ្សាយអត្ថបទពីការប្រកបអាជីវកម្ម, ស្ថានការណ៍នយោបាយ និងបច្ចេកវិទ្យានៅប្រទេសចិន បញ្ជាក់ថា រដ្ឋាភិបាលចិននឹងកំណត់កូតារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ និងបង្កើនការគាំទ្រអ្នកបើកបររថយន្តតាក់ស៊ីដែលបាត់បង់ការងារ ។ វាអាចជាវិធានការមួយរបស់រដ្ឋាភិបាលចិនដើម្បីដោះស្រាយបញ្ហានេះ ៕










