ប្រទេសឡាវ ៖ រដ្ឋាភិបាលឡាវបានជំរុញគោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងការងារ និងលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនចេញទៅធ្វើការនៅក្រៅប្រទេស តាមរយៈការស្វែងរកឱកាសការងារថ្មីៗបន្ថែមទៀត ជាពិសេស ការងារនៅបណ្តាប្រទេសអាស៊ាន ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា យោងតាមរបាយការណ៍របស់ក្រសួងការងារឡាវបញ្ជាក់ថា ពលរដ្ឋឡាវដែលស្វែងរកការងារធ្វើអាចទៅធ្វើការនៅក្រៅប្រទេសបាន ចាប់តាំងពីប្រទេសឡាវបានអនុវត្តច្បាប់បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស កាលពីឆ្នាំ២០០២ ។ ច្បាប់នេះបានជួយឱ្យពលករឡាវមានប្រាក់ចំណូល និងអភិវឌ្ឍន៍ជំនាញការងារដ៏មានតម្លៃ ។
តាមទិន្នន័យបញ្ជាក់ថា ចំនួនពលករឡាវដែលចេញទៅធ្វើការនៅក្រៅប្រទេស បានកើនឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីចំនួន៤៩.៤៤១នាក់ នៅឆ្នាំ២០១៧ មកស្មើនឹង១២០.៣៦០នាក់ នៅឆ្នាំ២០១៨ ។ លើសពីនេះ មានពលរដ្ឋឡាវទៅធ្វើការនៅក្រៅប្រទេស ស្មើជាង៦ម៉ឺននាក់ បើគិតចាប់ពីខែមករា ឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន ពលរដ្ឋឡាវបានទៅធ្វើការនៅក្រៅប្រទេស មានចំនួនសរុបស្មើជាង៤សែននាក់ ហើយពួកគេបានផ្ញើប្រាក់មកឱ្យក្រុមគ្រួសារនៅឡាវ ជាមធ្យមស្មើជាង៦២៥លានដុល្លារអាមេរិក ។ តម្រូវការការងារនៅក្រៅប្រទេសបានកើនឡើងយ៉ាងខ្លាំង ហើយក្រសួងការងារឡាវបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបញ្ជូនពលករឡាវទៅធ្វើការនៅប្រទេសមួយចំនួន ដូចជា ៖ ថៃ, ជប៉ុន និងកូរ៉េខាងត្បូង ។ ក្រសួងការងារឡាវ ក៏បានស្វែងរកឱកាសការងារឱ្យពលកររបស់ខ្លួនធ្វើការក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ។
ជាមួយគ្នានេះ ក្រសួងការងារឡាវបានកែសម្រួលគោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងតួនាទីការងារ, គោលនយោបាយបញ្ជូនពលករឡាវទៅធ្វើការនៅក្រៅប្រទេស និងបង្កើនការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកការងារ ដើម្បីឱ្យពលរដ្ឋឡាវធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ។

យុវជនឡាវជាច្រើនបានសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស ដោយសារកត្តាជាច្រើន ដូចជា ៖ ការងារក្នុងស្រុកផ្តល់ប្រាក់ខែតិចតួច និងពុំអាចផ្គត់ផ្គង់ជីវភាពនាពេលបច្ចុប្បន្ន , ភាពក្រីក្រ, វិបត្តិសេដ្ឋកិច្ចឡាវ និងបញ្ហាអតិផរណា ។ បើទោះជារដ្ឋាភិបាលឡាវប្រកាសថា នឹងដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋក្តី ប៉ុន្តែវានៅតែពុំគ្រប់គ្រាន់ដើម្បីឱ្យពលរដ្ឋមានជីវភាពសមរម្យបានទេ ៕










