ទោះបីជា តារាចម្រៀង ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាបន្ទាប់ពីចេញបទ Diss Track គ្នាហើយយ៉ាងណានៅតែមានអ្នកមួយចំនួនតូចចូលចិត្តយកឈ្មោះអ្នកទាំងពីរបង្កើតទៅជាបញ្ហាទៅវិញទៅម្តងនៅពេលម្នាក់បានធ្វើរឿងអ្វីមួយហើយម្នាក់ទៀតមិនបានធ្វើ។ ជាក់ស្តែងនៅពេល វណ្ណដា បានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកទីក្រុងប៉ារីសបែរជាមានការខម្មិន «ឯណា ជី ដេវីត?» ឬ ជី ដេវីត បានសាងស្នាដៃអ្វីមួយបែរជាថាខម្មិនលេបខាយដាក់ឈ្មោះ វណ្ណដា។ អ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយម្នាក់ឈ្មោះថា ចែស្រម៉ូម បានលើកឡើងដែរថា ហេតុអ្វីត្រូវប្រៀបធៀបអ្នកទាំងពីរទាំងពួកគាត់សុទ្ធតែជាខ្មែរដូចគ្នា។
លោក លី មង្គល ហៅចែស្រម៉ូម ដែលជាអ្នកលេងបណ្តាញសង្គមទិកតុកមានប្រជាប្រិយយភាពអ្នកចម្រៀងនិងជាបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី៥ បានចេញវីដេអូមួយបន្ទាប់ពីមានអ្នកខម្មិនថា «G David is Better »។ ចែស្រម៉ូម បាននិយាយថា និយាយអ៊ីចឹងមិនត្រូវទេ កុំប្រៀបធៀប ទាំងជី ដេវីត និង វណ្ណដា ជាតារារ៉េបមាន Hype Flow រៀងៗខ្លួនមិនអាចប្រៀបធៀបអ្នកណាល្អជាងអ្នកណាបាននោះទេ អ្វីដែលសំខាន់អ្នកទាំងពីរគឺលើកតម្កើនជាតិខ្មែរ លើកតម្កើនមុខមាត់ខ្មែរធ្វើឱ្យពិភពលោកបានស្គាល់ខ្មែរ ស្គាល់វប្បធម៌ខ្មែរ អរិយធម៌ខ្មែរ។
ចែស្រម៉ូម បានបន្ថែមដែរថា មិនត្រឹមតែជី ដេវីត និង វណ្ណដា ប៉ុណ្ណោះទេតែមានសិល្បករ សិល្បការិនីផ្សេងទៀតគ្រាន់តែអ្នកទាំងពីរជាTOPនៅស្រុកខ្មែរគេស្គាល់បានច្រើនជាង និងបានសុំចិត្តកុំប្រៀបធៀបអ្នកណាល្អជាងអ្នកណាគឺល្អទាំងពីរ បានលើកតម្កើនជាតិទាំងពីរឱ្យគេបានស្គាល់ខ្មែរ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមានប្រជាប្រិយភាពរូបនេះលើកឡើងដែរថា ប្រសិនជា ជី ដេវីត និង វណ្ណដា ធ្វើអំពើអបាយមុខផ្សេងៗចាំស្អប់ ចាំប្រៀបធៀប ហើយកុំភ្លេចថា វប្បធម៌ស្អប់គ្នាទៅវិញទៅមកធ្វើឱ្យបែកបាក់គ្នា។ ចែស្រម៉ូម ក៏រំលេចដែរថា ដូចជា វណ្ណដា បានច្រៀងនៅលើឆាកអន្តរជាតិក្នុងពិធីបិទកីឡាអូឡាំពិក ហើយ ជី ដេវីត បានផលិត MV ពីវប្បធម៌ អរិយធម៌ខ្មែរ យើងនាំគ្នាសរសើរទៅព្រោះចំណេញដល់ខ្មែរហើយសូមបញ្ឈប់ទៅការស្អប់ខ្ពើមឈ្លោះគ្នានាំឱ្យបែកបាក់គ្នា។

គួរបញ្ជាក់ថាកាលពីខែ មីនា ឆ្នាំ២០២៤ នៅក្នុងពិធីមង្គលការរបស់ ហេង វិសាល និង ជាស្រីនា វត្តមាន ជី ដេវីត និង វណ្ណដា បានចាប់ដៃជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីចេញបទចម្រៀង Diss គ្នាទៅមក។ បើងាកទៅកាន់ហ្វេនៗទាំងសងខាងវិញគឺតែងតែឈ្លោះប្រកែកគ្នាមិនចេះចប់មិនចេះហើយ ហើយហ្វេនមួយចំនួនតូចនៅបន្តឈ្លោះប្រកែកពាក្យសម្តីដដែលទាញគ្នាទៅវិញទៅមកទាំងអាយដលមិនដឹងរឿងអ្វីសោះ៕










