កាលពីកន្លងមកនេះកញ្ញា ពេជ្រ ចរណៃ ជាតារាសម្តែងនិងជាអ្នកហ្វឹកហាត់និយមផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ រួមទាំងលោក ឡៃ ថៃចាន់ បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនមានបំណងថតផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តប៉ុន្តែមិនបានសម្រេច។ យ៉ាងណានៅលើបណ្តាញសង្គមរបស់តារាសម្តែង និងជាអ្នកផលិតមាតិកា ឡៃ ថៃចាន់ បានបង្ហាញដំណឹងល្អរូបលោក កញ្ញា ពេជ្រ ចរណៃ រួមទាំងមិត្តភក្តិផ្សេងទៀតគឺបានសម្រេចបំណងហើយ។
នៅយប់ថ្ងៃទី១៤ ខែសីហា ឡៃ ថៃចាន់ បានបង្ហោះវីដេអូខ្លីជាង២នាទីនិងបានដាក់ចំណងជើងថា «ទីបំផុតពួកខ្ញុំ បានសម្រេចបំណងប្រាថ្នាហើយ»។ ក្នុងវីដេអូនេះកញ្ញា ពេជ្រ ចរណៃ ឡៃ ថៃចាន់និងមិត្តភក្តិ៣នាក់ទៀតបានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងព្រោះបានមកដល់ទឹកដីអង្គរបានដូចក្តីប្រាថ្នា។ កញ្ញា ពេជ្រចរណៃ បានថ្លែងអំណរគុណដល់អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ បានជួយសម្របសម្រួលពួកគេចូលមកថតផ្សព្វផ្សាយ ឈុតអ្នកចម្បាំងគុនល្បុក្កតោ។ ការផ្សព្វផ្សាយនេះនឹងបានបង្ហាញពីសំលៀកបំពាក់ខ្មែរ តំបន់ទេសចរណ៍។
ក្នុងនោះដែរ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងដែរថា សូមចូលរួមដើរដំណើរកម្សាន្តចែករំលែកកន្លែងស្អាតៗមិនថាចំណីអាហារ តំបន់ទេសចរណ៍ស្អាតៗជួយផ្សព្វផ្សាយទៅច្រើនដើម្បីឱ្យភ្ញៀវជាតិអន្តរជាតិបានមកស្គាល់ពីប្រទេសកម្ពុជាយើង។ កញ្ញាក៏បានរំលេចដែរថា យើងមិនមែនមានតែប្រាសាទអង្គរវត្តតែមួយទេប្រាសាទនៅខេត្តសៀមរាបគឺមានច្រើនណាស់ អាចថាបងប្អូនខ្លះមិនទាន់បានទៅដល់ឡើយ។
លោក ឡៃ ថៃចាន់ បានបញ្ចេញយោបល់ដែរថា ចង់ឱ្យជាតិមានការរីកចម្រើនថ្គុំថ្កើនមានការអភិវឌ្ឍន៍ ដំបូងបង្អស់គឺយើងត្រូវសាមគ្គីគ្នា បើបែកបាក់សាមគ្គីហើយទោះបីមានប្រជាជនរាប់លាននាក់ក៏មិនអាចរក្សាប្រទេសជាតិគង់។ លោកថា ដូចជាវិស័យទេសចរណ៍អ៊ីចឹងទាល់តែយើងជាអ្នកផ្សព្វផ្សាយរួមគ្នា ចូលរួមពីចិត្តពីថ្លើមម្នាក់បន្តិចៗក្នុងការផ្សព្វផ្សាយលោកជឿថាវិស័យវប្បធម៌របស់យើងនឹងមានភាពរីកចម្រើន ។
គួរបញ្ជាក់ផងដែរថា កាលពីមុនកញ្ញា ពេជ្រ ចរណៃ បានចេញមកត្អូញត្អែរនៅលើបណ្តាញសង្គមដោយសារតែមានការពិបាកពេកក្នុងការសុំអនុញ្ញាថតផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តទាំងខំចំណាយកម្លាំងកាយចិត្ត ថវិកា ផ្ទាល់ខ្លួន ប៉ុន្តែមិនបានសម្រេច។ ចំណែកឯលោក ឡៃ ថៃចាន់ ក៏ដូចគ្នាធ្លាប់បានចេញវីដេអូបង្ហាញពីទុក្ខលំបាកមិនមែនលោកមិនចង់ថតថតផ្សព្វផ្សាយវប្បធម៌ខ្មែរនោះទេប៉ុន្តែពេលខ្លះមានភាពនឿយហត់ពិបាកក្នុងការថត៕










