សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គេបានប្រទះឃើញសាកស.ព ស្ត្រីម្នាក់នៅកន្លែងយកវ៉ាលិសអ្នកដំណើរក្នុងអាកាសយានដ្ឋាននៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ។ ប៉ុន្តែសមត្ថកិច្ចពុំអាចបញ្ជាក់ថា ហេតុអ្វីបានជានាងស្លា.ប់ទេ ពីព្រោះមុនពេលស្លាប់ នាងបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ។
ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងទីក្រុង Chicago រដ្ឋ Illinois និយាយថា កាលពីថ្ងៃទី៨ ខែសីហា ទទួលបានដំណឹងថា មានសាកសពស្ត្រីម្នាក់ជាប់ក្នុងម៉ាស៊ីនបញ្ជូនវ៉ាលិសឱ្យអ្នកដំណើរក្នុងអគារអ្នកដំណើរ លេខ៥ របស់អាកាសយានដ្ឋាន Chicago O’Hare International Airport ។ ហេតុការណ៍នេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុការស្លាប់របស់នាង ។
ចំណែកសមត្ថកិច្ចនិយាយថា ស្ត្រីរូបនេះអាយុ៥៧ឆ្នាំ ប៉ុន្តែពុំស្គាល់ឈ្មោះរបស់នាងទេ ។ រីឯបន្ទប់ដាក់វ៉ាលិសអ្នកដំណើរ គឺជាកន្លែងធ្វើការរបស់បុគ្គលិកអាកាសយានដ្ឋាន និងមិនអនុញ្ញាតឱ្យមនុស្សទូទៅចូលដាច់ខាត ។
លោក Scott Allen មន្ត្រីនាំពាក្យក្រសួងការងាររបស់អាមេរិកនិយាយថា មន្ត្រីការិយាល័យសុវត្ថិភាព និងសុខភាពការងារបានទៅកាន់កន្លែងកើតហេតុ ហើយពួកគេបញ្ជាក់ថា ស្ត្រីរូបនេះមិនមែនជាបុគ្គលិករបស់អាកាសយានដ្ឋានទេ ។ កន្លែងកើតហេតុស្ថិតនៅបរិវេណអគារអ្នកដំណើរទៅក្រៅប្រទេស និងមានកន្លែងយកវ៉ាលិសរបស់អ្នកដំណើរជាច្រើនចំណុច ហើយវ៉ាលិសទាំងនេះត្រូវឆ្លងកាត់មន្ត្រីគយផងដែរ ។
បើតាមការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា ស្ត្រីរូបនេះបានដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរដោយខ្លួនឯង ប៉ុន្តែកាមេរ៉ាសុវត្ថិភាពពុំបានបង្ហាញថា តើនាងបានជួបហេតុការណ៍អ្វីខ្លះទេ មុនពេលស្លាប់ ។ បន្ទាប់មក ក្រោយពេលនាងដើរចូលក្នុងបន្ទប់ដាក់វ៉ាលិសអ្នកដំណើរបានចំនួន៥ម៉ោង ស្រាប់តែគេប្រទះឃើញសាកសពរបស់នាង ។
លោក Nathaniel Blackman ជាមន្ត្រីសមត្ថកិច្ចឱ្យដឹងថា គ្មានភ្នាក់ងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពពេលកើតហេតុការណ៍ជាក់ស្តែង ។ ដូច្នេះ សមត្ថកិច្ចពុំអាចសន្និដ្ឋានថា តើនាងស្លាប់ដោយសារមូលហេតុអ្វីឱ្យប្រាកដ ពីព្រោះប៉ូលិសផ្នែកស៊ើបអង្កេតបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រោយពេលប្រទះឃើញសាកសព ៕










