វីដេអូចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពី Trending ថ្មីមួយក្នុងចំណោមសិស្សានុស្សដែលកុមារតូចៗនៅកម្ពុជា បានលើកបង្ហាញផ្លាកពាក្យស្លោកខ្មែរម្តងម្នាក់ៗ ដែលជាការចែករំលែកនូវការអប់រំល្អៗ និងជាការក្រើនរំលឹកទៅកាន់សាធារណៈជនទូទៅ។
នៅក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញពីសិស្សានុសិស្សជាកុមារតូចៗ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់ជាតិ នៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលាយ៉ាងសមសួនគ្រប់ៗគ្នា ព្រមជាមួយនឹងការកាន់ពាក្យស្លោកខ្មែរល្អៗនៅក្នុងដៃ ក៏ដូចជាពោលពាក្យនិយាយអំពីពាក្យស្លោកនោះ ក៏ធ្វើឲ្យសាធារណៈជនទូទៅអត់សរសើរមិនបាន។
នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ពាក្យស្លោក» គឺមានន័យថាជាឃ្លាប្រយោគ ឬសម្តី ដែលមានលក្ខណៈចង្អុលបង្ហាញត្រង់ៗក្នុងន័យអប់រំ។ បើក្រឡេកទៅកាន់ពាក្យស្លោកនៅក្នុងដៃកុមារតូចៗទាំងនោះសុទ្ធសឹងតែជាឃ្លាឃ្លង ដែលយើងតែងតែប្រទះឃើញជាទូទៅ។ ជាមួយគ្នានេះ តាមរយៈការបង្ហាញពីក្មេងៗមួយក្រុមនេះ ក៏បានធ្វើឲ្យមនុស្សម្នាហាក់ភ្ញាក់ខ្លួនឡើងវិញ ដោយហេតុថាអ្នកចំនួនក៏ភ្លេចពាក្យស្លោកខ្មែរខ្លះទៅហើយផងដែរ។
យ៉ាងណាមិញ មហាជនជាច្រើនក៏បានកោតសរសើរទៅកាន់សិស្សានុសិស្សមួយក្រុមនេះ បណ្តុះស្មារតីឲ្យក្មេងៗដទៃខិតខំសិក្សារៀនសូត្រនិងយកគំរូតាម ដែលជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់សង្គមជាតិនាពេលអនាគតផងដែរ៕