តើអ្នកណាខ្លះកំពុងប្រឈមនឹងបញ្ហានោមញឹកញាប់នៅពេលយប់? អស់បារម្ភហើយវិធីទាំងនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅមនុស្សពេញវ័យ មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល ៦ ទៅ ៨ ម៉ោង។ ដូចនេះការនោមញឹកញាប់នៅពេលយប់ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖ ជំងឺខ្សោយបេះដូង, ខ្សោយតម្រង់នោម, ជំងឺទឹកនោមផ្អែម, ក្រពេញប្រូស្តាតរីកធំ, សម្ពាធឈាមខ្ពស់, ការប្រើប្រាស់ថ្នាំមួយចំនួន, គេងមិនដកដង្ហើម, ជំងឺផ្លូវចិត្ត ក៏ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្មជាដើម។
ហេតុនេះការនោមញឹកញាប់នៅពេលយប់គឺពិតជារំខានដល់ដំណេក និងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ទោះជាយ៉ាងណាប្រសិនបើអ្នកអនុវត្តវិធី ៦ យ៉ាងខាងក្រោមនេះនឹងជួយកាត់បន្ថយការនោមញឹកញាប់នៅពេលយប់បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើអ្នកនៅតែប្រឈមនឹងបញ្ហានេះ អ្នកគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុច្បាស់លាស់ និងព្យាបាលឱ្យបានត្រឹមត្រូវ។
ខាងក្រោមនេះគឺជាវិធីទាំង ៦ ដើម្បីកាត់បន្ថយបញ្ហានៃការនោមញឹកញាប់នៅពេលយប់រួមមាន៖
១.ជៀសវាងការទទួលទានទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង
២.គ្រប់គ្រងទម្ងន់ខ្លួនក្នុងកម្រិតធម្មតា
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
៤.ទៅបន្ទប់ទឹកមុនពេលចូលគេង
៥.គេងឱ្យបានគ្រប់គ្រាន់
៦.ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ៕










