តារាចម្រៀង លីម តិចម៉េង និង នាង ដាវីន បានបង្ហាញការខកចិត្តដំណាលគ្នាទំនងជាមនុស្សក្បែរខ្លួនដែលអ្នកទាំងពីរខំគោរពខ្លាំងណាស់ដូចមនុស្សក្នុងផ្ទះតែមួយ ប៉ុន្តែចុងក្រោយបានត្រឹមតែខកចិត្ត ក្លាយជាក្មេងឈ្លើយ អសីលធម៌។ មិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេសូម្បីតែ ថុល សុភិទិ ក៏បានព្រលយប្រយោគមួយដូចគ្នាជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការងឿងឆ្ងល់មិនដឹងថាអ្នកទាំង៣ខកចិត្តទៅលើនរណានោះទេ។
នៅយប់ថ្ងៃទី៨ សីហា លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរមួយថា «គោរព ឱ្យតម្លៃ ដូចមនុស្សក្នុងផ្ទះតែមួយចុងក្រោយចប់អត់មានសញ្ញាខណ្ឌ ប្រហែលជាឈ្មោះខ្លះវាគ្មានក្នុងវចនានុក្រមខ្ញុំទៀតទេ សូមទោសអត់ចេះបកស្រាយអីទេ ចេះតែយាយត្រង់ៗ »។
សំណេររបស់ តិចម៉េង តារាចម្រៀង នាង ដាវីន បានចូលទៅបញ្ចេញមតិថា «គោរពចង់ងាប់ចុងក្រោយ ឯងត្រឹមក្មេងឈ្លើយ អសីលធម៌ ឆ្អែត»។ តិចម៉េង បានឆ្លើយតបវិញថា «មិនអីទេសម្លាញ់នៅមានរឿងច្រើនទៀតដែលត្រូវជួប រឿងខ្លះបើយើងយល់ថាទទួលយកមិនបាន បោះវាចោលហើយបន្តទៅមុខទៀត ភាពពិតប្រាកដ ចិត្តរបស់យើងគឺយើងខ្លួនឯងទើបដឹងច្បាស់»។
ងាកទៅកាន់បណ្តាញសង្គមរបស់ នាង ដាវីន ក៏បានបង្ហោះសារដែរថា « បែបណាក៏បាន គិតថាល្អក៏ល្អ គិតថាអាក្រក់ក៏អាក្រក់ទៅ ៕ ចប់», និងប្រយោគមួយទៀតថា « គោរពណាស់ ខកចិត្តណាស់ លែងខ្វល់ហើយ»។
មិនត្រឹមតែ លីម តិចម៉េង និង នាង ដាវីន បានបង្ហាញការខកចិត្តរបស់ខ្លួន មានតែការគោរពអស់ពីចិត្តចុងក្រោយបែរជាចប់គ្មានសញ្ញាខណ្ឌនេះគេក៏បានឃើញ ថុល សុភិទិ ក៏ព្រលយសារមួយដែរថា «ទទួលស្គាល់ការពិតទៅ កុំឆេះឆួល និយាយតែឯងច្រើនពេក»។
ការបង្ហោះសារក្នុងយប់តែមួយពី ភិទិ តិចម៉េង និង ដាវីន បានធ្វើឱ្យអ្នកគាំទ្របង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងអ្នកខ្លះក៏បង្ហាញពីការព្រួយបារម្ភខ្លាច TOP4 មានបញ្ហានឹងគ្នាប៉ុន្តែ នាង ដាវីន ក៏បានចូលទៅខម្មិនលើការផុសរបស់ ភិទិ ទើបធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងបីពុំមានបញ្ហាល្អក់កករនោះទេ តែអាចមានការខកចិត្តអ្នកផ្សេងទៅវិញនោះទេ។ ងាកទៅកាន់ បណ្តាញសង្គម ស៊ឹម ច័ន្ទពន្លឺ វិញមិនបានបញ្ចេញសារអ្វីនោះទេ៕