ប្រទេសជប៉ុន ៖ Yonaguni គឺជាវិមានថ្មដ៏ធំនៅក្រោមទឹកសមុទ្រ មានរូបរាងស្រដៀងនឹងប្រាសាទពីរ៉ាមីតកាំជណ្តើរ និងមានទីតាំងនៅឆ្នេរសមុទ្រ Yonaguni ស្ថិតក្នុងខេត្តអូគិណាវ៉ា ប្រទេសជប៉ុន ។ គេបានរកឃើញវិមាននេះលើកដំបូង កាលពីឆ្នាំ១៩៨៥ ប៉ុន្តែវានៅតែជាប្រធានបទមួយ ដែលអ្នកបុរាណវិទ្យារបស់ជប៉ុនជជែកវែកញែកគ្នាពុំដាច់ស្រេចពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះ ។
អ្នកបុរាណវិទ្យាជប៉ុនបានជជែកវែកញែកពាក់ព័ន្ធនឹងដើមកំណើតរបស់វិមាននេះថា តើវាកើតឡើងតាមធម្មជាតិ ឬមនុស្សជាអ្នកសាងសង់ឡើង? ក្រៅពីនេះ ក៏មានការលើកឡើងពាក់ព័ន្ធនឹងទីក្រុង Atlantis ដែលបាត់បង់ទៅផងដែរ ។ អ្នកបុរាណវិទ្យាជឿជាក់ថា វិមាន Yonaguni អាចមានអាយុកាលរហូតដល់ជាង១ម៉ឺនឆ្នាំ ។
មនុស្សមួយចំនួនមានជំនឿថា វិមាន Yonaguni សាងសង់ឡើងដោយសារមនុស្ស ហើយពួកគេអះអាងថា វិមាននេះបានបង្ហាញពីអរិយធម៌បុរាណ ដែលមានអាយុកាលប្រមាណ១ពាន់ឆ្នាំ ឬ១ម៉ឺនឆ្នាំ ពីព្រោះក្បូរក្បាច់របស់វិមានស្រដៀងគ្នានឹងការឆ្លាក់ថ្មដែរ ។ ដូច្នេះ វាអាចទៅរួចថា កាលពីមុន វិមាននេះធ្លាប់ស្ថិតនៅលើគោក ហើយបានលិចទៅក្នុងទឹក ។
ចំណែកមនុស្សខ្លះទៀតថា វិមាននេះមានទំនាក់ទំនងជាមួយទ្វីប Mu និង Lemuria គឺជាទ្វីបបុរាណដែលគេជឿថា ធ្លាប់ស្ថិតនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែទ្វីបទាំងនេះក៏លិចទឹកនាពេលបន្ទាប់ ។ ប៉ុន្តែការពិត វិមាននេះស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ។
រីឯអ្នកស្រាវជ្រាវជាច្រើននិយាយថា វិមាននេះកើតឡើងតាមធម្មជាតិ វាជាបាតុភូតភូមិសាស្ត្រដែលកើតឡើងនៅបរិវេណស្នាមប្រេះនៃសំបកផែនដី ។ ក្រៅពីនេះ គេក៏បានប្រទះឃើញថ្មមានលក្ខណៈស្រដៀងគ្នានៅតំបន់ក្បែរៗទៀតផង ។
វិមាននៅក្រោមទឹកនេះមានប្រវែងប្រមាណ៩១ម៉ែត្រ, ទទឹង៣០៥ម៉ែត្រ និងមានកម្ពស់២៧ម៉ែត្រ ។ វាមានរូបរាងជាថ្មតម្រៀបពីលើគ្នាច្រើនជាន់ និងមានលក្ខណៈស្រដៀងនឹងផ្លូវព័ទ្ធជុំវិញ ។ នៅទីនេះ បានក្លាយជាការសន្និដ្ឋានដ៏ល្អមួយចំពោះការជជែកវែកញែកផ្នែកបុរាណវិទ្យាថា អរិយធម៌បុរាណកើតឡើងមុនពេលមនុស្សបានស្គាល់ ហើយវានៅតែជារឿងព្រេងដែលមនុស្សឆ្ងល់ថា តើមានពិតប្រាកដ ឬក៏អត់?
បើតាមភស្តុតាងនាពេលបច្ចុប្បន្នបង្ហាញថា អរិយធម៌មនុស្សដែលមានការទទួលស្គាល់ គឺបានចាប់ផ្តើមកើតឡើងកាលពីប្រមាណ៦.០០០ឆ្នាំមុន ។ ប៉ុន្តែវាគួរឱ្យចម្លែកណាស់ ពីព្រោះវិមាន Yonaguni មានលក្ខណៈស្រដៀងគ្នាខ្លាំងជាមួយវិមានផ្សេងៗនៅអាមេរិកខាងត្បូង ។ មនុស្សមួយចំនួនហៅវិមាននេះថា «ពីរ៉ាមីតក្រោមសមុទ្រនៅអាស៊ី» ។
ប៉ុន្តែមានមតិខ្លះទៀតអះអាងថា វិមាននេះជាប់ពាក់ព័ន្ធនឹងមនុស្សនៅក្រៅភព ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើវិមាននេះសាងសង់ឡើងដោយមនុស្សបុរាណ ឬមនុស្សក្រៅភព ឬវាកើតឡើងដោយខ្លួនឯងតាមធម្មជាតិ?










