បរទេស៖ យោងតាម The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថាកូនឆ្កែ Wild Thang បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោក បន្ទាប់ពីយកឈ្នះដៃគូប្រកួតប្រជែងចំនួន ៧ ក្បាលផ្សេងទៀតនៅក្នុងការប្រកួត Ugliest Dog នៃរដ្ឋ California សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
យោងតាម Ann Lewis ដែលជាម្ចាស់របស់ Wild Thang បាននិយាយថា កូនឆ្កែនេះគឺមានអាយុ ៨ ឆ្នាំ បានចូលរួមក្នុងការប្រលងឆ្កែ Ugliest Dog របស់ពិភពលោកចំនួន ៤ ដងហើយ ប៉ុន្តែមិនទទួលបានជោគជ័យទេ ទោះជាយ៉ាងណានៅការប្រកួតលើកទី ៥ វាក៏បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតលើលោក ដែលនេះគឺជាជ័យជម្នះលើកដំបូងហើយរបស់វា។
ការប្រលងឆ្កែដែលអាក្រក់បំផុតរបស់ពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជិត ៥០ ឆ្នាំមកហើយ ដោយមានគោលដៅសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រឡាញ់សត្វទាំងអស់ស្មើគ្នាៗ និងអត្ថប្រយោជន៍នៃការចិញ្ចឹមវា។ នៅក្នុងកម្មវិធីនោះ មានសត្វឆ្កែចំនួនប្រាំបីក្បាលបានប្រកួតប្រជែងនៅឯពិព័រណ៍ Sonoma-Marin ឆ្នាំ ២០២៤ នៃ Petaluma ក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែមិថុនា។ ភាគច្រើនឆ្កែទាំងនេះរស់នៅក្នុងជម្រកសង្គ្រោះសត្វឆ្កែ មុនពេលវាត្រូវបានគេយកទៅចិញ្ចឹម។ 
កូនឆ្កែ Wild Thang មកពីទីក្រុង Coos Bay រដ្ឋ Oregon ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ Care’s នៅពេលវាមានអាយុ ១០ ខែដែលធ្វើឱ្យវាមិនអាចមានធ្មេញ និងមានបញ្ហាសាច់ដុំនៅជើងម្ខាង ហើយមុខវិញគឺអាក្រក់ខ្លាំង។ Ann Lewis ដែលជាម្ចាស់របស់ Wild Thang ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ ពាន់ដុល្លារហើយនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី NBC Today ។ គណៈវិនិច្ឆ័យក្នុងឆ្នាំនេះ រួមមានអ្នករាយការណ៍ព័ត៌មាន NBC News លោក Gadi Schwartz សកម្មជនសិទ្ធិមនុស្ស Linda Witong Abrahm និងរតនាគាររដ្ឋកាលីហ្វ័រញ៉ា Fiona Ma ។ 
គួរបញ្ជាក់ដែរថា សម្រាប់ចំណាត់ថ្នាក់លេខ ២ នៃការប្រកួតនេះគឺបានទៅលើសត្វឆ្កែអាយុ ១៤ ឆ្នាំឈ្មោះ Rome ហើយចំណាត់ថ្នាក់លេខ ៣ បានទៅលើសត្វឆ្កែពូជចម្រុះពណ៌ស Daisy Mae អាយុ ១៤។ បន្ថែមពីលើរង្វាន់ដែលសម្រេចដោយគណៈវិនិច្ឆ័យ សត្វឆ្កែដែលចូលរួមក៏មានឱកាសទទួលបានរង្វាន់ពីអ្នកបោះឆ្នោតតាមអ៊ីនធឺណិតផងដែរ ដូច្នេះនៅឆ្នាំនេះពានរង្វាន់ឆ្កែអាក្រក់បំផុតក្នុងលោកគឺជាកម្មសិទ្ធិរបស់ទីក្រុងរ៉ូម៕










