ក្រសួងទេសចរណ៍ និងកីឡាថៃរំពឹងថាប្រទេសថៃនឹងរកចំណូលបាន ៧.៥ ពាន់លានបាត ប្រមាណជាង២០៣លានដុល្លារអាម៉េរិកពីការផលិតភាពយន្តបរទេសនៅឆ្នាំនេះ ពោលគឺកើនឡើង ១០% បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៣។ ការរំពឹងខ្ពស់បែបនេះដោយសារតែការថតរឿងហូលីវូដដែលជារឿងភាគ HBO កំពុងថតនៅទីក្រុងបាងកក ភូកេត និងកោះសាមុយដែលមាន Lisa ចូលរួមសម្តែង។ នេះបើតាមរបាយការណ៍កាសែត bangkokpost នាថ្ងៃទី២៤ មិថុនា។.png)
លោក ស៊ែមសាក់ ពុងផានិច (Sermsak Pongpanich) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាកាលពីថ្ងៃទី២៣ មិថុនា បានមានប្រសាសន៍ថា ក្រសួងមានទំនុកចិត្តថា គោលដៅគឺអាចសម្រេចបាន ជាពិសេសបន្ទាប់ពីការថតរឿង White Lotus Season 3 ដែលជារឿងភាគ HBO ដែលកំពុងថតនៅទីក្រុងបាងកក ភូកេត និងកោះសាមុយ។លោកបានបន្តថា រដូវកាលទី ៣ គ្រោងនឹងមានតារាចម្រៀង K-pop ដើមកំណើតថៃ Lisa Manoban។ កាលពីថ្ងៃសុក្រ ទី២១ លោក Sermsak បានជួបលោក Scott Schaeffer អនុប្រធានជាន់ខ្ពស់នៃផលិតកម្ម HBO ។ លោកថា រដ្ឋាភិបាលទទួលស្គាល់ពីសារៈសំខាន់នៃការផលិតភាពយន្តបរទេសមិនត្រឹមតែបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរដែលចង់ទស្សនាទីតាំងថតផងដែរ។ លោកបន្តថា ការផលិតភាពយន្តបរទេសក៏ជួយបង្កើតការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក ឧស្សាហកម្មផលិតភាពយន្ដបរទេសក្នុងប្រទេសថៃមានការកើនឡើងជាលំដាប់។
ក្នុងឆ្នាំ ២០២២ ប្រទេសនេះរកចំណូលបានប្រហែល ៦.៣៩ ពាន់លានបាតប្រមាណ ជាង១៧៣លានដុល្លារអាម៉េរិកពីផលិតកម្មភាពយន្តចំនួន ៣៤៨ ។ ប្រាក់ចំណូលបានកើនឡើងប្រហែល ៥.៣% ដល់ ៦.៧៥ ពាន់លានបាតប្រមាណជាង១៨៣លានដុល្លារកាលពីឆ្នាំ២០២៣ នៅពេលដែលប្រទេសថៃបានស្វាគមន៍ផលិតកម្មភាពយន្តចំនួន ៤៦៦ មកពី ៤០ ប្រទេស។.png)
សម្រាប់ឆ្នាំនេះ ក្រសួងរំពឹងថានឹងរកចំណូលបាន ៧,៥ ពាន់លានបាត ប្រមាណជាង២០៣លានដុល្លារអាម៉េរិពីឧស្សាហកម្មនេះ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បាននិយាយ បន្ថែមថា ក្នុងរយៈពេល ៥ ខែដំបូង ភាពយន្តបរទេសចំនួន ២១៤ ភាពយន្តត្រូវបានថតនៅក្នុងប្រទេសថៃ បង្កើតប្រាក់ចំណូលដល់ទៅ ៣.៥៣ ពាន់លានបាត (ប្រមាណជាង៩៦លានដុល្លារ) និងបង្កើតការងារសម្រាប់ប្រជាជនថៃជិត ១៤ ០០០ នាក់។
អនុប្រធានជាន់ខ្ពស់នៃផលិតកម្ម HBO បាននិយាយថា ការសម្រេចចិត្តជ្រើសរើសប្រទេសថៃជាទីតាំងភាពយន្តបានមកពីការលើកទឹកចិត្តក្នុងការបញ្ចុះពន្ធរបស់រដ្ឋាភិបាលដែល HBO និង Warner Bros ចាត់ទុកថាល្អបំផុតនៅអាស៊ី។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា រដ្ឋាភិបាលមានទំនុកចិត្តថា ផលិតកម្មភាពយន្តអន្តរជាតិកាន់តែច្រើននឹងជ្រើសរើសប្រទេសថៃធ្វើជាទីតាំងភាពយន្តរបស់ពួកគេ ដោយសារភាពសម្បូរបែប ទីតាំងដ៏ស្រស់ស្អាត បទពិសោធន៍ក្នុងការផលិតភាពយន្តទូទាំងពិភពលោករបស់ក្រុមការងារថៃ ការសម្របសម្រួលផ្តល់ដោយរដ្ឋាភិបាល ការបញ្ចុះតម្លៃ ២០% និង ការលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់តារាសម្តែង និងតារាសម្តែងបរទេស៕










