ទីបំផុតបទចម្រៀង ជី ដេវីត ដែលសហការជាមួយ DJ ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងគឺ DJ Soda បានចេញលើទីផ្សារជាផ្លូវការហើយខណៈតារាបរទេសរូបនេះបានស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ។ បទថ្មីនេះត្រូវបានហ្វេនៗសរសើរដែរ MV មិនចាញ់បរទេសប៉ុន្មាននោះទេក្នុងនោះក៏មានតារាចម្រៀង រ៉េដឃីង សរសើរដូចគ្នា។
គេចាំបានថាកាលពីថ្ងៃទី៨ មិថុនា ជី ដេវីត បានទម្លាក់ Teaser ថ្មី នៃបទ« WE MADE IT»សហការជាមួយ DJ Soda ដោយគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតធ្វើឱ្យទស្សនិកជនក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងហើយនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ អ្វីដែលកាន់តែពិសេសនេះនោះឈុតប្រពៃណីដែល DJ Soda ស្លៀកនេះបានបំផុសគំនិតចេញពីឈុតស្បៃធំហ្លូងយាយកាលពីទសវត្សរ៍ទី៦០ ជាហេតុធ្វើឱ្យអ្នកជិតខាងកម្ពុជាឆេះឆួលមិនស្ទើរនោះទេរហូតឡាំបាថាជាសំលៀកបំពាក់របស់ខ្លួន។
ក្រោយពីទន្ទឹមនឹងរង់ចាំយូរទីបំផុតបទ « WE MADE IT» របស់ ជី ដេវីត និង DJ Soda បានទម្លាក់ជាផ្លូវការហើយកាលពីយប់ថ្ងៃទី២៣ មិថុនា ស្របពេល ជី ដេវីត កំពុងសាងភាពផ្អែមល្អែមជាមួយ ទេព បូព្រឹក្ស នៅលើទឹកដីប្រទេសបារាំងមិនដឹងថាមានអ្វីពិសេសជូនអ្នកគាំទ្រទៀតទេ។
បន្ទាប់ពីទស្សនាបទថ្មីនេះរួចមានទាំងរូបភាពបុរាណនិងសម័យទំនើប បានធ្វើឱ្យហ្វេនៗរបស់ ជី ដេវីត លើកសរសើរថា MV មួយបទនេះមិនចាញ់បរទេសប៉ុន្មាននោះទេ ឡូយខ្លាំងណាស់ បច្ចេកទេសការថតគឺល្អប្រសើរ។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង រ៉េដឃីង (RedKing ) ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» ក៏បាននិយាយដែរថា «ឆ្ងាញ់ណាស់បងអើយ» ដោយបានដាក់ទង់ជាតិកូរ៉េខាងត្បូងនិងទង់ជាតិកម្ពុជា។ ទន្ទឹមនឹងមានការសរសើរក៏មានមតិមួយចំនួនរិះគន់ដែរថាបទនេះហាក់ស្តាប់មិនសូវបាន។.png)
ក្នុងនោះដែរ ជាការកត់សម្គាល់របស់ហ្វេនចាប់តាំងពី ជី ដេវីត មិនមានផលិតកម្មជាខ្នងបង្អែកខំប្រឹងសាងស្នាដៃដោយបាតដៃខ្លួនឯងកាន់តែរីកចម្រើនពីមួយកម្រិតទៅមុខមួយកម្រិតមានការប្រគំតន្រ្តីផ្ទាល់ខ្លួនជាច្រើនដង បង្ហាញខ្លួនក្នុងកម្មវិធីដើរម៉ូតលំដាប់អន្តរជាតិ ផលិត MV លើកស្ទួយវប្បធម៌ខ្មែរសូម្បីតែបទចុងក្រោយនេះក៏ឆ្លៀតមានរូបភាព DJ Soda ច្រៀងជាភាសាខ្មែរបន្តិច និងស្លៀកឈុតប្រពៃណីខ្មែរ៕










