សហព័ន្ធអារ៉ាប់រួម ៖ បើនិយាយពីពិភពក្រោមទឹក ភ្ញៀវទេសចរភាគច្រើននឹងនឹកឃើញដល់ការជម្រុជចុះក្នុងមហាសមុទ្រដើម្បីទស្សនាផ្កាថ្ម និងសត្វសមុទ្រផ្សេងៗ ប៉ុន្តែបើភ្ញៀវទេសចរណាពុំចង់ជ្រមុជទឹកជ្រៅបែបនេះ ពួកគេអាចមកជ្រមុជទឹកក្នុងអាងហែលទឹកនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ដែលនៅទីនេះ មានផ្តល់សេវាកម្មយ៉ាងច្រើនសម្រាប់ភ្ញៀវ ។ .jpg)
អ្នកគ្រប់គ្រងអាងហែលទឹកនិយាយថា ជារៀងរាល់ឆ្នាំ មានអ្នកជ្រមុជទឹកអាជីព និងអ្នកជ្រមុជទឹកធម្មតាយ៉ាងច្រើនបានមកកម្សាន្តនៅទីនេះ ហើយពួកគេទទួលបានអារម្មណ៍រីករាយ ខុសប្លែកពីអាងហែលទឹកទូទៅ ។ តើនៅផ្នែកខាងក្នុងអាងទឹកមានសេវាកម្មអ្វីខ្លះ ទើបវាអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបែបនេះ?.jpg)
កាលពីខែកក្កដា ឆ្នាំ២០២១ សារព័ត៌មាន CNN រាយការណ៍ថា សហព័ន្ធអារ៉ាប់រួមបានដំណើរការអាងហែលទឹកជ្រៅបំផុតលើពិភពលោក ឈ្មោះ «Deep Dive Dubai» ស្ថិតនៅទីក្រុងឌូបៃ ខណៈប្រទេសនេះមានអគារខ្ពស់បំផុត និងហាងលក់ទំនិញធំបំផុតលើពិភពលោក ។ អាងហែលទឹកមានកន្លែងកម្សាន្តយ៉ាងច្រើនក្នុងនោះ ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ Guinness World Records កត់ត្រាថា វាជាអាងហែលទឹកជ្រៅបំផុតលើពិភពលោក ។
អាងហែលទឹកនេះមានជម្រៅស្មើនឹង៦០ម៉ែត្រ, មានទឹកស្មើ៥០លានលីត្រ, មានទំហំធំជាងអាងហែលទឹកក្នុងកីឡាអូឡាំពិក៦ដង និងមានទំហំធំជាងអាងហែលទឹកទូទៅ៤ដង ។ រីឯសីតុណ្ហភាពក្នុងអាងទឹក គឺស្មើនឹង៣០អង្សារសេ ដែលជាសីតុណ្ហភាពសមស្របសម្រាប់ការស្លៀកឈុតហែលទឹកស្តើង ។ 
វាជាអាងហែលទឹកមានជម្រៅជ្រៅ និងមានអគារខាងក្រៅយ៉ាងស្រស់ស្អាត, មានការបំពាក់ភ្លើង, ស្ទូឌីយោថតរូប, កាមេរ៉ាសុវត្ថិភាពចំនួន៥៦គ្រឿង សម្រាប់សុវត្ថិភាពអ្នកជ្រមុជទឹក ។ ភ្ញៀវទេសចរអាចស្លៀកពាក់ឈុតហែលទឹក និងជ្រមុជទឹកលេងបាល់, លេងព្យាណូ, ឮសំឡេងត្រីបាឡែន, ស្តាប់ចម្រៀង និងទស្សនាទីក្រុងនៅក្រោមទឹកតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។.jpg)
នាយកគ្រប់គ្រងអាងហែលទឹក Deep Dive Dubai និយាយថា នៅទីនេះនឹងទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបដែលស្រឡាញ់ពិភពក្រោមទឹក ដូចជា ៖ អ្នកជ្រមុជទឹកអាជីព ឬអ្នកជ្រមុជទឹកធម្មតា ហើយវាជាអាងហែលទឹកមួយក្នុងចំណោមអាងហែលទឹកដ៏ជ្រៅបំផុតលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុង១ឆ្នាំៗ ។ ក្រៅពីនេះ ក៏មានអ្នកមកចុះឈ្មោះចូលរៀនជ្រមុជទឹកនៅអាងហែលទឹកនេះដែរ ៕.jpg)










