តារាចម្រៀង កៅ សុភា អតីតតារាចម្រៀងក្នុងទ្រនំបារមី បានបង្ហាញអារម្មណ៍របស់ខ្លួនដោយក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់នាង ចាក់បញ្ចាំងវីដេអូនាងនៅលើផ្ទាំង LED ធំៗចំនួន២កន្លែងរយៈពេល៣ថ្ងៃ។ ការចាក់បញ្ចាំងនៅលើផ្ទាំង LED នេះដើម្បីអមអរសាទរមកកាន់ កៅ សុភា ដែលបានក្លាយជាសិល្បការិនីឯករាជ្យ។
ផេកអ្នកគាំទ្រមានឈ្មោះថា «Sophia.K world » បានបង្ហោះរូបពីរសន្លឹកអមដមចំណងជើងថា «ដើម្បីចូលរួមអបអរសាទរដែល បង Sophia Kao បានក្លាយជាសិល្បការនីឯករាជ្យ ពួកយើងក៏បានធ្វើការចាក់បញ្ចាំង Video នូវ LED 2 កន្លែងធំៗ ចំនួន 3 ថ្ងៃ៖
– 21-22/06/2024: ចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់ ទីតាំងនៅជិត វិមានឯករាជ្យ
– 23/06/2024: ចាប់ពីម៉ោង 4:30 ល្ងាច ដល់ម៉ោង 7:30 យប់ ទីតាំងនៅអគារ The Bridge»។
ទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រយ៉ាងលើសលប់បែបនេះជំរុញឱ្យ កៅ សុភា បានបញ្ចេញអារម្មណ៍របស់ខ្លួនដែរថា «ខ្ញុំមិននឹកស្មានថា ទោះខ្ញុំជាសិល្បការនីឯករាជ្យឬយ៉ាងណា ក៏ខ្ញុំនៅតែទទួលបាននូវក្ដីស្រឡាញ់យ៉ាងកក់ក្ដៅបែបនេះសោះ។ អរគុណខ្លាំងមែនទែនសម្រាប់កាដូ និងសេចក្ដីស្រឡាញ់ដ៏ធំមួយនេះ»។ ម្ចាស់បទ « Sunshine» បន្ថែមថា «
នេះក៏ជាផ្នែកមួយដែលធ្វើឱ្យខ្ញុំកាន់តែរឹងមាំ និងមិនចុះចាញ់ ទោះមានរឿងមិនល្អ ឬត្រូវបាត់បង់អ្វីក៏ដោយ ព្រោះខ្ញុំមិនអាចបាត់បង់អ្នកដែលចាំគាំទ្រ ស្រឡាញ់ខ្ញុំបែបនេះដែរ»។ 
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ មិថុនា កៅ សុភា បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននាងនិងផលិតកម្មបារមីបានដើរឈានដល់ផ្លូវបញ្ចប់បន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំដោយនាងនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងបានផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងរូបនេះ។ ការចាកចេញរបស់ កៅ សុភា មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឱ្យទស្សនិកជនដឹងទោះទេ ដោយនាងបាននិយាយត្រឹមថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់៕










