ខេត្តកំពង់ចាមគឺមានចម្ងាយត្រឹមតែ ១២៤ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦A និងផ្លូវជាតិលេខ ៧។ ខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើន មិនថាភ្ញៀវចង់ទៅលេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះទេ គឺភ្ញៀវអាចទៅបាន ២-៣ កន្លែងឯណោះក្នុងរយៈពេលមួយថ្ងៃ ដោយសារនៅទីកន្លែងកម្សាន្តទាំងនោះ គឺនៅជិតៗគ្នា ហើយខ្លះទៀតក៏ស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា។ ដូច្នេះហើយប្រសិនបើអ្នកទៅដល់ទីរួមខេត្តកំពង់ចាម សូមកុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ៖
១.កសិទេសចរណ៍ថ្មដាទឹកឆា៖ កន្លែងនេះស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៤២ គ.ម ពីទីរួមខេត្ត និងចម្ងាយ ៨០០ ម៉ែត្រពីរមណីយដ្ឋានទឹកឆា។ កសិទេសចរណ៍ថ្មដាទឹកឆា បង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដំបូងឡើយគ្រាន់តែជាទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋានក៏បានរៀបចំកន្លែងចិញ្ចឹមសត្វនិងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ ដែលមានដូចជាជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ និងមាន់ព្រៃជាដើម។
២.ភ្នំប្រុសភ្នំស្រី៖ ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧ គ.ម ខាងជើងផ្លូវជាតិលេខ ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទងទៅនឹងរឿងព្រេងបុរាណខ្មែរជាច្រើនជាពិសេសគឺរឿងភ្នំប្រុសភ្នំស្រីតែម្តង។
៣.ប្រាសាទភ្នំជើងព្រៃ៖ ប្រាសាទភ្នំជើងព្រៃ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានចម្ងាយ ៥៥ គ.ម ពីក្រុងកំពង់ចាម នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិលេខ៦។ 
៤.ប្រាសាទនគរបាជ័យ៖ ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ចម្ងាយ ២ គ.ម ពីទីរួមខេត្តកំពង់ចាម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី ៧ នៅក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
៥.ភ្នំហាន់ជ័យ៖ ភ្នំហាន់ជ័យ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងមើលដំណាំតាមដងទន្លេមេគង្គ។ នៅទីនេះ ភ្ញៀវទេសចរក៏អាចទស្សនាប្រាសាទបុរាណដែលកសាងនៅដើមសតវត្សទី ០៦ ផងដែរ។
៦.រមណីយដ្ឋានទឹកឆា៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ហើយ រមណីយដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយប្រហែល ៤២គ.ម ពីទីរួមខេត្តកំពង់ចាម។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្ម។ ភាគច្រើនភ្ញៀវទេសចរទៅលេងនិយមទៅមុជទឹកដ៏ស្រស់ថ្លា ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង៕










