ប្រទេសអូស្ត្រាលី ៖ នេះជាសណ្ឋាគារមួយដែលសាងសង់ឡើងមិនមែនសម្រាប់ឱ្យភ្ញៀវចូលស្នាក់នៅទេ ប៉ុន្តែគេសាងសង់វាសម្រាប់បំភ័ន្តភ្នែកអ្នកដំណើរដែលបើករថយន្តឆ្លងកាត់ទីនេះប៉ុណ្ណោះ ។ សណ្ឋាគារនេះឈ្មោះ «Hotel Eastlink» ស្ថិតនៅតាមបណ្តោយផ្លូវមួយក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ។.jpg)
បើទោះជាវាមានឈ្មោះថាសណ្ឋាគារ និងមានរូបរាងខាងក្រៅដូចគ្នានឹងសណ្ឋាគារពិតប្រាកដក្តី ប៉ុន្តែវាមិនដូចជាមនុស្សគ្រប់គ្នាគិតនោះទេ ។ នេះជាការតាំងបង្ហាញនូវស្នាដៃសិល្បៈក្នុងតំបន់របស់អ្នកជំនាញសិល្បៈសាងសង់ គឺលោក Callum Morton ព្រមទាំងបានបង្ហាញជាសាធារណៈតាំងពីឆ្នាំ២០០៧ មកម៉្លេះ ។.jpg)
ចាប់តាំងពីពេលនោះ សណ្ឋាគារ Eastlink បានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវយល់ច្រឡំគ្រប់ៗគ្នា ។ វាមានរូបរាងដូចគ្នានឹងសណ្ឋាគារតូចមួយ ដែលមានកម្ពស់២០ម៉ែត្រ និងទទឹង១២ម៉ែត្រ ព្រមទាំងមានបរិវេណផ្នែកខាងមុខ៥ម៉ែត្រ សម្រាប់ចតយានជំនិះ ។ បើបើកបររថយន្តក្នុងល្បឿនលឿន អ្នកដំណើរនឹងជឿថា វាពិតជាសណ្ឋាគារខ្នាតតូច ពីព្រោះនៅផ្នែកខាងលើអគារ គេបានឃើញអក្សរពណ៌ក្រហមសរសេរថា «HOTEL» ។.jpg)
ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលមានមនុស្សជាច្រើននាក់ព្យាយាមទំនាក់ទំនងទៅខាងសណ្ឋាគារនេះដើម្បីកក់បន្ទប់ស្នាក់នៅ ។ នៅពេលយប់ គេនឹងឃើញបង្អួចស្តើងៗរបស់សណ្ឋាគារបើកភ្លើងភ្លឺព្រោងព្រាត ហើយមើលទៅ វាដូចគ្នានឹងមានមនុស្សកំពុងស្នាក់នៅដែរ ។ ប៉ុន្តែបើពិនិត្យឱ្យបានច្បាស់នឹងដឹងថា វាមិនមែនជាសណ្ឋាគារពិតប្រាកដទេ ពីព្រោះបរិវេណខាងក្នុងអគារគ្មានផ្លូវ ឬបន្ទប់សម្រាប់ឱ្យភ្ញៀវដើរចូល ពីព្រោះវាគ្រាន់តែជាសិល្បៈប៉ុណ្ណោះ ។
នេះជាការតាំងចិត្តរបស់អ្នកបង្កើតស្នាដៃសណ្ឋាគារនេះ ដោយបានដាក់ឱ្យវាស្ថិតនៅដាច់ឆ្ងាយពីអគារផ្សេងៗ ក្នុងគោលបំណងបំភ័ន្តភ្នែកអ្នកដំណើរឆ្លងកាត់ទីនេះ ។ លោក Callum Morton ជាអ្នកជំនាញសិល្បៈសាងសង់សណ្ឋាគារ Eastlink និយាយថា បើមើលមួយភ្លែត អ្នកដំណើរអាចគិតថា វាជាសណ្ឋាគារ ប៉ុន្តែក្រោយមក ពួកគេនឹងមើលឃើញថា វាគ្រាន់តែជាឧបករណ៍ដែលយកមកដំឡើងតម្រៀបលើគ្នាប៉ុណ្ណោះ ។.jpg)
លោកនិយាយថា ៖ «ខ្ញុំគិតថា វាជារឿងគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវយកអ្វីម្យ៉ាងមកដាក់នៅបរិវេណទីវាល និងងាយស្រួលឱ្យអ្នកដំណើរឆាប់មើលឃើញ ។ វាអាចផ្លាស់ប្តូរការគិតរបស់មនុស្សពាក់ព័ន្ធនឹងសិល្បៈក៏ថាបាន» ៕










