កម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការដេញជើងចុះបង្ក្រាបយ៉ាងទាន់ហន់ ក្រោយប្រទះឃើញសាឡង់បូមខ្សាច់ដ៏ធំមួយគ្រឿងរបស់វៀតណាម បានលួចឆ្លងដែនតាមផ្លូវទឹកចូលមកក្នុងទឹកដីកម្ពុជា។ ការចុះស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃនេះ ធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុតនៅតាមខ្សែទឹកព្រំដែន ដើម្បីទប់ស្កាត់រាល់សកម្មភាពរត់ពន្ធ និងការលួចចូលស្រុកខុសច្បាប់ ដោយមិនឆ្លងកាត់ការបំពេញបែបបទពន្ធគយត្រឹមត្រូវ។
យោងតាមការបញ្ជាក់ពីលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស ដែលជាអ្នកដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការណែនាំផ្ទាល់ពីលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ។ នៅក្នុងកិច្ចសហប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងជំនាញគយបានសហការយ៉ាងជិតស្និទ្ធជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង និងកងរាជអាវុធហត្ថផ្ទៃប្រទេស ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានដេញជើងចុះឃាត់សាឡង់បូមខ្សាច់ល្មើសច្បាប់ខាងលើ ដែលមានពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈមធ្យោបាយនេះកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់តំបន់កោះធេង ស្ថិតក្នុងស្រុកពាមជរ ខេត្តព្រៃវែង។.jpg)
តាមការសាកសួរចម្លើយ និងពិនិត្យជាក់ស្តែងពីលោក ព្រាប គារ៉ាត បានឱ្យដឹងថា អ្នកបើកបរសាឡង់មានឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម។ នៅក្នុងការចម្លើយសារភាព ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានបើកបរមធ្យោបាយនេះឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់ ដោយមិនបានបំពេញបែបបទនាំចូល ឬឆ្លងកាត់ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមច្បាប់គយនោះឡើយ។
.jpg)
ក្រោយបញ្ចប់ការត្រួតពិនិត្យ និងស្តាប់ចម្លើយសារភាពរួចរាល់ សមត្ថកិច្ចចម្រុះបានសម្រេចនាំយកសាឡង់បូមខ្សាច់នោះ ទៅរក្សាទុកជាបណ្តោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់ការវាយតម្លៃពិន័យ និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុតជាធរមាន ដើម្បីកុំឱ្យកើតមានករណីលួចឆ្លងដែនខុសច្បាប់បែបនេះទៀត៕









