Home ព័ត៌មានអន្តរជាតិ សិស្សនីហ្សេរីយ៉ាពុំចាំបាច់បង់ថ្លៃសាលា គ្រាន់តែយករបស់នេះមកឱ្យសាលា

សិស្សនីហ្សេរីយ៉ាពុំចាំបាច់បង់ថ្លៃសាលា គ្រាន់តែយករបស់នេះមកឱ្យសាលា

38
0

ប្រទេសនីហ្សេរីយ៉ា ៖ បច្ចុប្បន្ន កុមារជាច្រើននៅប្រទេសនីហ្សេរីយ៉ាពុំបានចូលសាលារៀនទេ ហើយពួកគេបានបោះបង់ការសិក្សាជាបន្តបន្ទាប់ ដោយសារគ្មានលទ្ធភាពបង់ថ្លៃសាលា ។ ហេតុនេះ សាលារៀនមួយនៅប្រទេសនីហ្សេរីយ៉ាបានស្វែងរកវិធីដោះស្រាយបញ្ហាដើម្បីឱ្យកុមារមានឱកាសរៀនសូត្រ និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8CdKE9xYAHiR5D8X_VH3IR1vVCk7EJnZ8qe52O6h6ImzzDuajYvkNYageMyigQT144fSTSL9uB8hLN9oti9GEmeUZsE0-XMsNf-0yns8Z4x2HJFUCbZskb5XnYc7zh3YSc22tILX9t58n0yqouPxvLfzeFRHUD9KnNuD5IhHFx0Bt1obTmEkXgk9MT0/s1200/00560080_4a893f24e6db288889ae3cc0091bb185_arc614x376_w1200.jpg

វិធីដោះស្រាយបញ្ហាកុមារបោះបង់ការសិក្សារបស់សាលារៀន គឺសាលាអនុញ្ញាតឱ្យអាណាព្យាបាលសិស្សប្រមូលសំរាមផ្លាស្ទិកមកប្រគល់ឱ្យសាលា ហើយពួកគេនឹងពុំចាំបាច់បង់ថ្លៃសិក្សាទេ ។ ដូច្នេះ វិធីនេះអាចជួយឱ្យកុមារបានចូលរៀនវិញ ថែមទាំងអាចកម្ចាត់សំរាមផ្លាស្ទិកនៅប្រទេសនីហ្សេរីយ៉ាទៀតផង ។

ក្នុងមួយឆ្នាំៗ ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាមានសំរាមផ្លាស្ទិកប្រមាណ៨៧ម៉ឺនតោន ប៉ុន្តែដោយសារការកែច្នៃ និងកម្ចាត់សំរាមគ្មានប្រសិទ្ធភាពបានធ្វើឱ្យសំរាមផ្លាស្ទិកយ៉ាងច្រើនហូរចូលក្នុងទឹក, ឆ្នេរសមុទ្រ និងរាយប៉ាយពេញផ្លូវ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស ។ មិនត្រឹមតែបញ្ហាសំរាមផ្លាស្ទិកប៉ុណ្ណោះទេ ដែលជាបញ្ហាធ្ងន់ធ្ងររបស់ប្រទេសនេះ ប៉ុន្តែយុវជនស្មើជាង២០លាន២សែននាក់បានបោះបង់ចោលការសិក្សានៅកម្រិតបឋមសិក្សា បើទោះជាកម្រិតនេះពុំតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO2jMOgQ3kI3EgIpUGDNicUQyCpIxIUbfKHmpbfSo9ZaOMWA8qYCNwkW4YXPLMTxXYR0jpguQydhqrXAw5qZ_WKgmbLJXNx26-bVHkHOnVQkKP5DlMWOy9usftugelgM7MNmcNd3k3OOpKedJ52RxpvU-fZ3U8DRreMu3H6MsN97JRQoZiJ2lwOkTy6PY/s1280/photo_2024-06-01_09-21-34.jpg

ហេតុនេះ ដោយសារមើលឃើញបញ្ហា និងចង់ជំរុញជីវភាពរស់នៅរបស់ពលរដ្ឋនីហ្សេរីយ៉ាឱ្យល្អប្រសើរ អង្គការជួយសង្គមឈ្មោះ African Clean Up Initiative និង WeCyclers បានចាប់ផ្តើមអនុវត្តគម្រោង «Recycle Pay Educational Project» ដោយសហការជាមួយសាលា Morit International School នៅទីក្រុង Ajegunle ។ គម្រោងនេះនឹងបើកឱកាសឱ្យអាណាព្យាបាលសិស្សយកសំរាមផ្លាស្ទិកមកឱ្យសាលា ហើយពួកគេនឹងពុំបាច់បង់ថ្លៃសាលាឱ្យកូន ។

កាលពី៣ឆ្នាំមុន អ្នកជិតខាងបានណែនាំសាលារៀននេះឱ្យអ្នកស្រី Ijeoma Obiora បានស្គាល់ ហើយអ្នកស្រីក៏នាំកូនមករៀននៅសាលានេះដោយពុំបង់ថ្លៃសាលា គ្រាន់តែយកសំរាមផ្លាស្ទិកមកឱ្យសាលាប៉ុណ្ណោះ ។ វាជារឿងមិនគួរឱ្យជឿទេ ហើយអ្នកស្រីក៏ពុំធ្លាប់ដឹងរឿងនេះដែរ ប៉ុន្តែបច្ចុប្បន្ន កូនស្រីអាយុ១៣ឆ្នាំ របស់អ្នកស្រីមានឱកាសរៀនសូត្រដូចក្មេងដទៃដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZiGvq25zzxtzTQG9c__hWD6peXk93snluxXd27ksAqJMk9pVkzAkN5mkDGCNpHJe5FguPZhxrAQeY6rYyhcNzK9ymWR_yjEggkWVJFJsgY3S-BOEXCXlOmXQz9iMt15QLlq3Q4lXt3riQSgk7-SgXR_EfZUt1boBdk-ojt4SnFCeC4oHt-7QDLu5EKks/s1280/photo_2024-06-01_09-21-30.jpg

អ្នកស្រីនិយាយថា ៖ «សាលារៀននេះល្អខ្លាំងណាស់សម្រាប់កូនស្រីខ្ញុំ ហើយខ្ញុំពុំចាំបាច់បារម្ភរឿងរកប្រាក់បង់ថ្លៃសាលាកូនទៀតទេ ។ រាល់ថ្ងៃ ខ្ញុំបានដើរប្រមូលដបផ្លាស្ទិកនៅតាមទីសាធារណៈយកទៅឱ្យសាលាដើម្បីប្តូរជាមួយថ្លៃសាលា» ។

លោក Patrick Mbamarah បានមើលឃើញបញ្ហាសំរាមផ្លាស្ទិក និងសិស្សបោះបង់ការសិក្សានៅនីហ្សេរីយ៉ា ទើបលោកសម្រេចចិត្តបង្កើតសាលា Morit International School នៅឆ្នាំ២០១៥ ។ លោកបានយកថ្លៃសាលាទាបបំផុត ដោយឱ្យអាណាព្យាបាលសិស្សប្រមូលដបផ្លាស្ទិកមកថ្លឹងគីឡូនៅសាលា ដើម្បីប្តូរជាមួយថ្លៃសាលាកូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi08yXkmYs3yZSPrZiFsqXdCMK31YgCDBM1f88L2B2fccBbbFwzC-km_a8q76IjdnMkQqAThpPIhneaMzads4bRS2JGDeuej9JRXCaYWBaESxvbqgXbgWmWGv0GaW8GZ31eQhseiAOuj70Ce7jjyJ6KHdNYNZ8wKO4GjuQqzx8z_3jtDHWR0dICrplnnHs/s767/photo_2024-06-01_09-21-37.jpg

លោកនាយកសាលានិយាយថា ៖ «ខ្ញុំបានធំឡើងក្នុងសហគមន៍នេះ ហើយវាជាវិធីតបស្នងដល់សហគមន៍វិញ ។ នៅនីហ្សេរីយ៉ា ក្មេងៗច្រើនណាស់ពុំបានចូលរៀនទេ វាធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ទើបសម្រេចចិត្តផ្តល់ការអប់រំដ៏ល្អមួយ ។ កូនសិស្សគ្រប់រូបអាចចូលរៀនបាន ហើយវាជាការឆ្លងកាត់ភាពលំបាកយ៉ាងច្រើន» ។

បច្ចុប្បន្ន ពលរដ្ឋនៅសហគមន៍នេះ និងតំបន់ក្បែរៗបានប្រមូលសំរាមផ្លាស្ទិកនៅតាមផ្លូវយកមកឱ្យសាលា ខណៈសាលាបានព្យាយាមកែលម្អវិធីសិក្សាឱ្យល្អដើម្បីអនុវត្តគម្រោងកាត់បន្ថយសំរាមផ្លាស្ទិក ។ សាលាមានគោលដៅប្រមូលដបផ្លាសិ្ទកឱ្យបាន១លានដប ព្រមទាំងជួយឱ្យកុមារជាង១.០០០នាក់បានចូលរៀន ៕