ទីក្រុងបាងកក ៖ ស្របពេលដែលកំពុងរងការរិះគ.ន់ និងការចោទប្រកាន់ពីមជ្ឈដ្ឋានអន្តរជាតិជុំវិញសកម្មភាពរំលោ.ភបំពានសន្តិសុខលើទឹកដីប្រទេសជិតខាង ប្រទេសថៃនៅជ្រុងម្ខាងទៀតកំពុងព្យាយាមសម្តែងតួជា «អ្នកជិតខាងល្អ» ជាមួយប្រទេសមីយ៉ាន់ម៉ា ដោយបានសន្យាថា ថៃនឹងផ្ដល់ទឹកដីរបស់ខ្លួន ធ្វើជាកន្លែងសម្របសម្រួលឲ្យយោធាមីយ៉ាន់ម៉ា និងក្រុមការ៉ែន ជួបចរចាពិភាក្សាគ្នាបញ្ចប់ជម្លោះដើម្បីសន្តិភាព។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំកាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយបានអំពាវនាវយ៉ាងទទូចឱ្យប្រទេសមីយ៉ាន់ម៉ា កាត់បន្ថយរាល់ការប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមផ្ទៃក្នុង។ រដ្ឋមន្ត្រីការបរទេសថៃបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ប្រទេសថៃ ត្រៀមខ្លួចរួចរាល់ ក្នុងការផ្តល់ទឹកដីរបស់ថៃ ដើម្បីធ្វើជាទីកន្លែងសម្របសម្រួល ឱ្យមានការចរចាគ្នារវាងរដ្ឋភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងក្រុមឧទ្ទាមការ៉ែន ដើម្បីឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ»។
.jpg)
ការបោះដៃជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលថៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំការទូតយ៉ាងដុតដៃដុតជើង ដើម្បីជម្រុញឱ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តតាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ឃើញពីភាពមិនស៊ីសង្វាក់គ្នានៃគោលនយោបាយការបរទេសរបស់ថៃ ដែលម្ខាងព្យាយាមដើរតួជាអ្នកផ្សះផ្សាទំនាស់ និងទាមទារឱ្យមានការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ប៉ុន្តែម្ខាងទៀតបែរជារងការចោទប្រកាន់ថា បាននិងកំពុងធ្វើសកម្មភាពឈ្លានពាន និងបង្កអសន្តិសុខដល់ប្រទេសជិតខាងខុសច្បាប់អន្តរជាតិទៅវិញ។
លោកបានបន្ថែមទាំងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ក្នុងនាមប្រទេសថៃ ជាប្រទេសជិតខាងល្អ និងជាមិត្តជាមួយនឹងមីយ៉ាន់ម៉ា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជំនួយ និងគាំទ្រដល់មីយ៉ាន់ម៉ា ក្នុងការវិលត្រឡប់មកជាក្រុមគ្រួសារតែមួយរបស់អាស៊ានឡើងវិញ»។ អ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា សំណើរបស់ថៃក្នុងការសម្របសម្រួលជម្លោះនៅមីយ៉ាន់ម៉ា គឺជាល្បែងការទូតស្តង់ដារពីរ ដែលកង្វះតម្លាភាពក្នុងការដោះស្រាយជម្លោះផ្ទៃក្នុងជាមួយប្រទេសជិតខាងផ្សេងទៀត។ យុទ្ធសាស្ត្រនេះត្រូវបានគេចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អមុខមាត់អន្តរជាតិ ជាជាងការស្វែងរកសន្តិភាពពិតប្រាកដ៕










