ប្រទេសនីហ្សេរីយ៉ា ៖ បច្ចុប្បន្ន កុមារជាច្រើននៅប្រទេសនីហ្សេរីយ៉ាពុំបានចូលសាលារៀនទេ ហើយពួកគេបានបោះបង់ការសិក្សាជាបន្តបន្ទាប់ ដោយសារគ្មានលទ្ធភាពបង់ថ្លៃសាលា ។ ហេតុនេះ សាលារៀនមួយនៅប្រទេសនីហ្សេរីយ៉ាបានស្វែងរកវិធីដោះស្រាយបញ្ហាដើម្បីឱ្យកុមារមានឱកាសរៀនសូត្រ និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ។
វិធីដោះស្រាយបញ្ហាកុមារបោះបង់ការសិក្សារបស់សាលារៀន គឺសាលាអនុញ្ញាតឱ្យអាណាព្យាបាលសិស្សប្រមូលសំរាមផ្លាស្ទិកមកប្រគល់ឱ្យសាលា ហើយពួកគេនឹងពុំចាំបាច់បង់ថ្លៃសិក្សាទេ ។ ដូច្នេះ វិធីនេះអាចជួយឱ្យកុមារបានចូលរៀនវិញ ថែមទាំងអាចកម្ចាត់សំរាមផ្លាស្ទិកនៅប្រទេសនីហ្សេរីយ៉ាទៀតផង ។
ក្នុងមួយឆ្នាំៗ ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាមានសំរាមផ្លាស្ទិកប្រមាណ៨៧ម៉ឺនតោន ប៉ុន្តែដោយសារការកែច្នៃ និងកម្ចាត់សំរាមគ្មានប្រសិទ្ធភាពបានធ្វើឱ្យសំរាមផ្លាស្ទិកយ៉ាងច្រើនហូរចូលក្នុងទឹក, ឆ្នេរសមុទ្រ និងរាយប៉ាយពេញផ្លូវ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស ។ មិនត្រឹមតែបញ្ហាសំរាមផ្លាស្ទិកប៉ុណ្ណោះទេ ដែលជាបញ្ហាធ្ងន់ធ្ងររបស់ប្រទេសនេះ ប៉ុន្តែយុវជនស្មើជាង២០លាន២សែននាក់បានបោះបង់ចោលការសិក្សានៅកម្រិតបឋមសិក្សា បើទោះជាកម្រិតនេះពុំតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាក្តី ។
ហេតុនេះ ដោយសារមើលឃើញបញ្ហា និងចង់ជំរុញជីវភាពរស់នៅរបស់ពលរដ្ឋនីហ្សេរីយ៉ាឱ្យល្អប្រសើរ អង្គការជួយសង្គមឈ្មោះ African Clean Up Initiative និង WeCyclers បានចាប់ផ្តើមអនុវត្តគម្រោង «Recycle Pay Educational Project» ដោយសហការជាមួយសាលា Morit International School នៅទីក្រុង Ajegunle ។ គម្រោងនេះនឹងបើកឱកាសឱ្យអាណាព្យាបាលសិស្សយកសំរាមផ្លាស្ទិកមកឱ្យសាលា ហើយពួកគេនឹងពុំបាច់បង់ថ្លៃសាលាឱ្យកូន ។
កាលពី៣ឆ្នាំមុន អ្នកជិតខាងបានណែនាំសាលារៀននេះឱ្យអ្នកស្រី Ijeoma Obiora បានស្គាល់ ហើយអ្នកស្រីក៏នាំកូនមករៀននៅសាលានេះដោយពុំបង់ថ្លៃសាលា គ្រាន់តែយកសំរាមផ្លាស្ទិកមកឱ្យសាលាប៉ុណ្ណោះ ។ វាជារឿងមិនគួរឱ្យជឿទេ ហើយអ្នកស្រីក៏ពុំធ្លាប់ដឹងរឿងនេះដែរ ប៉ុន្តែបច្ចុប្បន្ន កូនស្រីអាយុ១៣ឆ្នាំ របស់អ្នកស្រីមានឱកាសរៀនសូត្រដូចក្មេងដទៃដែរ ។
អ្នកស្រីនិយាយថា ៖ «សាលារៀននេះល្អខ្លាំងណាស់សម្រាប់កូនស្រីខ្ញុំ ហើយខ្ញុំពុំចាំបាច់បារម្ភរឿងរកប្រាក់បង់ថ្លៃសាលាកូនទៀតទេ ។ រាល់ថ្ងៃ ខ្ញុំបានដើរប្រមូលដបផ្លាស្ទិកនៅតាមទីសាធារណៈយកទៅឱ្យសាលាដើម្បីប្តូរជាមួយថ្លៃសាលា» ។
លោក Patrick Mbamarah បានមើលឃើញបញ្ហាសំរាមផ្លាស្ទិក និងសិស្សបោះបង់ការសិក្សានៅនីហ្សេរីយ៉ា ទើបលោកសម្រេចចិត្តបង្កើតសាលា Morit International School នៅឆ្នាំ២០១៥ ។ លោកបានយកថ្លៃសាលាទាបបំផុត ដោយឱ្យអាណាព្យាបាលសិស្សប្រមូលដបផ្លាស្ទិកមកថ្លឹងគីឡូនៅសាលា ដើម្បីប្តូរជាមួយថ្លៃសាលាកូន ។
លោកនាយកសាលានិយាយថា ៖ «ខ្ញុំបានធំឡើងក្នុងសហគមន៍នេះ ហើយវាជាវិធីតបស្នងដល់សហគមន៍វិញ ។ នៅនីហ្សេរីយ៉ា ក្មេងៗច្រើនណាស់ពុំបានចូលរៀនទេ វាធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ទើបសម្រេចចិត្តផ្តល់ការអប់រំដ៏ល្អមួយ ។ កូនសិស្សគ្រប់រូបអាចចូលរៀនបាន ហើយវាជាការឆ្លងកាត់ភាពលំបាកយ៉ាងច្រើន» ។
បច្ចុប្បន្ន ពលរដ្ឋនៅសហគមន៍នេះ និងតំបន់ក្បែរៗបានប្រមូលសំរាមផ្លាស្ទិកនៅតាមផ្លូវយកមកឱ្យសាលា ខណៈសាលាបានព្យាយាមកែលម្អវិធីសិក្សាឱ្យល្អដើម្បីអនុវត្តគម្រោងកាត់បន្ថយសំរាមផ្លាស្ទិក ។ សាលាមានគោលដៅប្រមូលដបផ្លាសិ្ទកឱ្យបាន១លានដប ព្រមទាំងជួយឱ្យកុមារជាង១.០០០នាក់បានចូលរៀន ៕










