ប្រទេសឥណ្ឌា ៖ ពេលធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ភ្ញៀវទេសចរភាគច្រើននឹងនឹកឃើញដល់ព្រះរាជវាំងដ៏ល្បីមួយឈ្មោះ Taj Mahal ដែលជាតំបន់ទេសចរណ៍ពេញនិយមនៅឥណ្ឌា ។ ប៉ុន្តែភ្ញៀវទេសចរពុំសូវស្គាល់ព្រះរាជវាំងដ៏ស្រស់ស្អាតមួយកន្លែងទៀតទេ គឺព្រះរាជវាំងមួយនេះបានបង្ហាញពីអត្តសញ្ញាណជាច្រើនរបស់ជនជាតិឥណ្ឌា ។
Hawa Mahal មានន័យថា «ព្រះរាជវាំងខ្យល់» ស្ថិតនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌា បានកសាងឡើងនៅឆ្នាំ១៧៩៩ ក្នុងសម័យព្រះមហាក្សត្រឥណ្ឌា ព្រះនាម Maharaja Sawai Pratap Singh ។ ប្រាសាទទាំងមូលបានកសាងឡើងដោយថ្មភក់ពណ៌ផ្កាឈូក និងពណ៌ក្រហម ។
ព្រះរាជវាំង Hawa Mahal បានរចនាម៉ូដដោយ Lal Chand Ustad គឺរូបរាងប្រាសាទធ្វើឡើងតាមគំរូមកុដរបស់ព្រះនរាយណ៍ ។ អ្វីដែលធ្វើឱ្យព្រះរាជវាំងនេះល្បីល្បាញ គឺព្រះរាជវាំងមានកម្ពស់៥ជាន់, មានរូបរាងដូចសម្បុកឃ្មុំ, មានបង្អួចតូចៗយ៉ាងច្រើន ព្រមទាំងមានប្រហោងខ្យល់ ចំនួន៩៥៣ប្រហោង ។
មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីបានជាព្រះរាជវាំង Hawa Mahal ចាំបាច់សាងសង់បង្អួចច្រើនដល់ថ្នាក់នេះ? មូលហេតុចម្បងៗ គឺការសាងសង់បង្អួចច្រើនបែបនេះ គឺសម្រាប់ឱ្យខ្យល់ចេញ-ចូលបានល្អ ជាពិសេស នៅរដូវក្តៅ ។ 
រីឯមូលហេតុមួយទៀត គឺដើម្បីឱ្យស្ត្រីនៅក្នុងវាំងមានឱកាសមើលឃើញការធ្វើដំណើររបស់មនុស្សម្នានៅតាមផ្លូវ ហើយមនុស្សនៅខាងក្រៅពុំអាចមើលឃើញពួកនាងៗទេ ព្រោះស្ត្រីក្នុងវាំងបានបិទបាំងមុខរបស់ខ្លួនដោយស្បៃ ។ ម្យ៉ាងទៀត កាលពីសម័យមុន ពួកស្ត្រីក្នុងវាំងកម្រមានឱកាសចេញមកខាងក្រៅណាស់ ។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅព្រះរាជវាំងនេះ អាចថតរូបស្អាតៗនៅបរិវេណខាងក្រៅបាន ដោយសារព្រះរាជវាំងមានទីតាំងស្ថិតនៅជាប់ផ្លូវធំ ។ ប៉ុន្តែពេលភ្ញៀវទេសចរបានមកដល់ទីនេះហើយ ពួកគេចង់ទៅទស្សនាផ្នែកខាងក្នុងព្រះរាជវាំង ដោយសារមានភាពស្រស់ស្អាត និងអស្ចារ្យខ្លាំង ៕










