ថ្មីៗនេះ ផ្កាយរណបរបស់ NOAA ក្រោមកិច្ចសហការជាមួយដៃគូអន្តរជាតិផ្សេងទៀត បានកំណត់អត្តសញ្ញាណនិងសង្កេតឃើញថា អណ្តាតភ្លើងជាច្រើនបានផ្ទុះចេញពីព្រះអាទិត្យជាបណ្តើរៗ រួមទាំងអណ្តាតភ្លើងព្រះអាទិត្យកម្រិត X ដ៏មានឥទ្ធិពល ដែលជាហេតុបណ្តាលឲ្យមានការកើនឡើងនៃកម្តៅកាន់តែធ្ងន់ធ្ងរមកលើផែនដី និងមានការផ្តាច់ចរន្តអគ្គីសនីជាបន្តបន្ទាប់។
ការព្រមានពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាស NOAA កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤នេះ ក៏បានលើកឡើងថា វាគឺជាព្យុះព្រះអាទិត្យកម្រិត G4 យ៉ាងធ្ងន់ធ្ងរ និងមានឥទ្ធិពលបំផុតចាប់តាំងពីឆ្នាំ ២០១៧មក។ NOAA ចាត់ថ្នាក់ថាព្យុះព្រះអាទិត្យគឺមានកម្រិតចាប់ពី G1 ដល់ G5 ។ ខណៈដែលព្យុះ G5 គឺជាកម្រិតដែលខ្លាំងក្លាបំផុត អាចបណ្តាលឱ្យដាច់ចរន្តវិទ្យុប្រេកង់ខ្ពស់ពេញផ្ទៃផែនដី។ ស្របពេលដែលបច្ចុប្បន្ននេះ នៅត្រឹមកម្រិត G4 ទើបបណ្តាលឲ្យតំបន់ខ្លះ ផ្តាច់ចរន្តជាហូរហែរផងដែរ។
Geomagnetic Storm ឬ Solar Storm ឬព្យុះព្រះអាទិត្យ ដែលនឹងផ្តល់នូវការរំខានដល់ដែនម៉ាញេទិចរបស់ផែនដី ហើយវាគឺមានឥទ្ធិពលប៉ះពាល់ដល់បណ្តាញថាមពលទូទាំងសកលលោក ជាពិសេសគឺ សញ្ញាវិទ្យុ ប្រព័ន្ធទំនាក់ទំនងដូចជា អ៊ីនធើណែត និងការផ្តាច់ចរន្តអគ្គីសនីជាដើម។
ព្យុះព្រះអាទិត្យ ក៏អាចប៉ះពាល់ដល់ប្រតិបត្តិការផ្កាយរណប និងសមត្ថភាពរុករក GPS កម្រិតខ្ពស់ផងដែរ។ លើសពីនេះទៀត អវកាសយានិកនៅលើលំហអាកាសត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងពេលបេសកម្ម ជាពិសេសប្រសិនបើពួកគេកំពុងដើរលំហអាកាស ពីព្រោះថានៅលើលំហអាកាស ជាតិវិទ្យុសកម្មនឹងប៉ះពាល់កាន់តែខ្លាំង ដែលអាចបណ្តាលឱ្យមានការពុលដោយវិទ្យុសកម្ម ឬ ការបង្កគ្រោះថ្នាក់ដល់សុខភាពផ្សេងៗ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រ (BMKG) បានលើកឡើងថា ការសិក្សាអំពីបាតុភូតព្យុះព្រះអាទិត្យនេះ ជាពិសេសការមើលឃើញអណ្តាតភ្លើងព្រះអាទិត្យដែលនឹងលេចចេញយ៉ាងច្បាស់ នៅអំឡុងពេលសូរ្យគ្រាសថ្ងៃទី៨ ខែមេសានេះផងដែរ។ បាតុភូតនៃការផ្ទុះអណ្តាតព្រះអាទិត្យដ៏ធំអាចត្រូវបានគេសង្កេតឃើញតែនៅចំណុចមួយចំនួននៅលើផែនដី ខណៈដែលការសង្កេតដ៏ល្អបំផុតនឹងកើតឡើងនៅក្នុងតំបន់អាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាប៉ុណ្ណោះ៕










