អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Influencer ល្បីមួយរូបហៅកូនជ្រូក និងជាអតីតបេក្ខភាព The Rapper Cambodia មានឈ្មោះថា BadB កូនក្រុមរបស់ Kingchi បានទទួលមរណភាពនៅព្រឹកនេះ។ តាមការបញ្ជាក់របស់ Mariam Brown ដែលជាមិត្តសម្លាញ់នឹងគ្នាអតីតបេក្ខភាពរូបនេះស្លា.ប់ដោយសារតែជំងឺរលាកស្រោមខួរ។
នៅព្រឹកថ្ងៃទី៨ ខែមេសា នេះ Mariam Brown ភរិយារបស់ vin vitou បានបង្ហោះរូបភាពជាមួយ BadB ឬកូនជ្រូក អតីតបេក្ខភាព The Rapper Cambodia ភ្ជាប់មកជាមួយខ្លឹមសារថា «គ្នាមិនអាចធ្វើចិត្តបានទេវាលឿនពេក RIP ah reach Konjruk Fash Ion» ។ ដំណឹងសោកសៅនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះការចាកចេញនេះលឿនពេក។ កូនជ្រូក មិនត្រឹមតែអតីតបេក្ខភាពមួយរូបប៉ុណ្ណោះទេប៉ុន្តែរូបគេក៏ជា Influencer ដ៏មានប្រជាប្រិយភាពមួរូបដូចគ្នា។
តាមការបញ្ជាក់របស់អ្នកនាង Mariam បានឱ្យដឹងថា កូនជ្រូក គឺបានស្លាប់នៅព្រឹកនេះតែម្តងដោយសារតែជំងឺរលាកស្រោមខួរក្បាល។ មរណភាពរបស់អតីតបេក្ខភាព The rapper ធ្វើឱ្យអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ។ កូនជ្រូក មានឈ្មោះពិតថា ទេព កោសល្យអធិរាជ ដែលប្រើឈ្មោះ BadB នៅក្នុងកម្មវិធីប្រកួត។
កាលពីឆ្នាំ២០២២ តារាចម្រៀង និងកំប្លែង លោក អៀង ចេនឡា បងប្រុសពិធីករ សុខ រ៉ាស៊ី ក៏បានបាត់បង់ជីវិត ដោយសារតែជំងឺនេះដូចគ្នា។
រលាកស្រោមខួរក្បាល ជាជំងឺដែលវាយប្រហារលើស្រោមខួរក្បាល និងខួរឆ្អឹង យ៉ាងលឿនរហ័ស ហើយអាចសម្លាប់និងធ្វើឱ្យអ្នកជំងឺជាពិសេសក្មេងនិងកុមារ មានពិការភាពជាប់នឹងខ្លួនអស់មួយជីវិត។ សំណាងអាចជួយសង្គ្រោះអ្នកជំងឺរលាកស្រោមខួរក្បាល អាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល៕










