តាំងពីខែមីនា ឆ្នាំ២០២៤ មក ប្រទេសនានានៅតំបន់អាស៊ានបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសាកល្បងកាត់បន្ថយកំដៅក្នុងផ្ទះរបស់ពួកគេ តាមវិធីងាយៗរបស់ជនជាតិជប៉ុន ដោយគ្រាន់តែប្រើប្រាស់ដបទឹកកក ចំនួន២ ប៉ុណ្ណោះ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា វិធីនេះពុំទទួលបានផលទេ ។
អ្នកលេងបណ្តាញសង្គមម្នាក់បានសាកល្បងកាត់បន្ថយសីតុណ្ហភាពក្នុងផ្ទះតាមវិធីរបស់ជនជាតិជប៉ុន គឺយកដបទឹកធំៗចំនួន២ មកច្រកទឹកឱ្យពេញដប បន្ទាប់មក យកវាទៅដាក់ក្នុងទូរទឹកកកផ្នែកខាងលើបំផុត រហូតដល់ទឹកក្នុងដបរឹង ។ ពេលទឹកក្នុងដបរឹងហើយ ត្រូវយកដបទឹកកកនេះដាក់ក្នុងឧបករណ៍អ៊ីណុក ដូចជា ៖ ឆ្នាំង និងបើកម៉ាស៊ីនត្រជាក់ ឬមិនបើកម៉ាស៊ីនត្រជាក់ក៏បាន ។ វិធីនេះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងផ្ទះធ្លាក់ចុះ ហើយម៉ាស៊ីនត្រជាក់នឹងមិនប្រឹងបញ្ចេញជាតិត្រជាក់ខ្លាំងពេកទេ ។
ចំណែកអ្នកលេងបណ្តាញសង្គមម្នាក់ទៀតនិយាយថា ការអនុវត្តវិធីនេះពុំសូវទទួលបានផលប៉ុន្មានទេ ពីព្រោះវិធីនេះ ក៏មិនខុសគ្នាពីការយកដុំទឹកកកមកដាក់ក្នុងផ្ទះ ហើយសីតុណ្ហភាពនឹងផ្លាស់ប្តូរនៅពេលដុំទឹកកកស្រូបយកកំដៅចូលទៅ និងប្រើថាមពលដើម្បីរំលាយដុំទឹកកកឱ្យក្លាយជាទឹកម្តងទៀត ។ ហេតុនេះ រយៈពេលមិនយូរទេដែលទឹកកកនឹងរលាយ មានន័យថា វិធីនេះមិនអាចកាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់បានច្រើនទេ ឬបើវាអាចកាត់បន្ថយសីតុណ្ហភាព ក៏កាត់បន្ថយមិនយូរដែរ ព្រោះទឹកកកនឹងរលាយអស់មុន ។.jpg)
ក្រៅពីនេះ អ្នកនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់នឹងមានអារម្មណ៍ថា សីតុណ្ហភាពក្នុងបន្ទប់មិនខុសគ្នាប៉ុន្មានទេ ។ ប៉ុន្តែសម្រាប់អ្នកគ្មានម៉ាស៊ីនត្រជាក់ ពួកគេអាចប្រើប្រាស់វិធីដាក់ទឹកកកនៅមុខកង្ហារ រួចហើយបើកកង្ហារឱ្យភាយចំហាយត្រជាក់ពីទឹកកកនោះ គឺវានឹងធ្វើឱ្យមានអារម្មណ៍ត្រជាក់ជាងមុន ។ ប៉ុន្តែបើដុំទឹកកករលាយអស់ វានឹងគ្មានប្រយោជន៍ទៀតទេ ហើយការប្រើប្រាស់ទូរទឹកកកដើម្បីផលិតដុំទឹកកក ក៏ចំណាយអស់ភ្លើងអស់ច្រើនដូចគ្នា ។ ហេតុនេះ គួរតែគិតពីការចំណាយថ្លៃភ្លើងផងដែរ ។
រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា អាកាសធាតុនៅប្រទេសជប៉ុនមិនដូចគ្នានឹងអាកាសធាតុនៅតំបន់អាស៊ានទេ ហើយបើអនុវត្តតាមវិធីខាងលើក្នុងបណ្តាប្រទេសនៅអាស៊ាន នឹងពុំទទួលបានផលទេ ពីព្រោះអាកាសធាតុនៅអាស៊ានក្តៅស្ងួត ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា ខ្លួនធ្លាប់បានសាកល្បងវិធីនេះហើយឃើញថា ទឹកកករលាយលឿនណាស់ ហើយធ្លាប់មានអ្នកយកដុំទឹកកកមកដាក់នៅមុខកង្ហារ ដើម្បីឱ្យចេញខ្យល់ត្រជាក់ ប៉ុន្តែពុំទទួលបានផលយូរទេ ៕










