ការធ្វើដំណើរលើយន្តហោះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិត។ សម្រាប់អ្នកដែលមិនទាន់បានជិះ ឬអ្នកដែលទើបតែជិះយន្តហោះលើកដំបូង ដាច់ខាតគួរចៀសវាងកុំធ្វើរឿងមួយចំនួននេះ ប្រសិនបើអ្នកមិនចង់ជួបរឿងស៊យ និងអាម៉ាស។ ដូចនេះតើគួរប្រុងប្រៀបខ្លួនបែបណា ដើម្បីឱ្យពេលវេលាពិសេសនេះពោរពេញទៅដោយអត្ថន័យល្អ?
១.កុំដោះស្រោមជើងចេញពេលនៅក្នុងយន្តហោះ៖ ការដោះស្រោមជើងចេញពេលស្ថិតក្នុងយន្តហោះ គឺជារឿងមួយដែលអ្នកមិនគួរធ្វើឡើយ អ្នកខ្លះមិនសូវជាទម្លាប់ក្នុងការពាក់ស្រោមជើងទេ ប៉ុន្តែទោះជាយ៉ាងណា យើងក៏មិនគួរដោះចេញ នៅលើយន្តហោះស្របពេលមានមនុស្សជាច្រើនទៀតធ្វើដំណើរជាមួយឡើយ ព្រោះវាអាចបង្កឱ្យមានក្លិនមិនល្អ ឬទើសភ្នែកអ្នកដទៃជាដើម។
២.កុំរើខ្លាំងពេក ឬនៅមិនស្ងៀមពេលកំពុងជិះយន្តហោះ៖ ពេលណាដែលអ្នករើចុះឡើង វាពិតជាធ្វើឱ្យអ្នកនៅជិតយើងមិនស្រណុកចិត្តដូចគ្នា ដូច្នេះអ្នកគួររក្សាសណ្ដាប់ធ្នាប់ និងស្ងៀមស្ងាត់ជាជាងធ្វើឱ្យអ្នកជិតខាងទើសទាល់។
៣.កុំលេង ឬសារ៉េកៅអីចុះឡើងអំឡុងពេលញ៉ាំអាហារ៖ វាក៏ជារឿងដ៏សំខាន់មួយ ដែលអ្នកគួរតែដឹង ត្បិតការសារ៉េកៅអី វាជារឿងធម្មតា ប៉ុន្តែលើកលែងអំឡុងពេលញ៉ាំអាហារ គួរកុំលេងអី ព្រោះវាអាចប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតដែលអង្គុយជិតយើង។
៤.កុំរពឹសដៃចុចប៊ូតុងហៅអ្នកបម្រើការលើយន្តហោះពេលត្រូវការអ្វីមួយ៖ រឿងសំខាន់ចម្បងរបស់អ្នកបម្រើការលើយន្តហោះ គឺរក្សាសុវត្ថិភាពអ្នក មិនមែនបានន័យថាត្រូវបំពេញរាល់តម្រូវការគ្រប់យ៉ាងរបស់អ្នកដំណើរឡើយ។ បើក្នុងករណីអ្នកត្រូវការអ្វីមួយ អ្នកគួរតែងើបឈរ ឬលើកដៃជាសញ្ញាជាជាងការចុចប៊ូតុង ដើម្បីចៀសវាងការរំខាន។
៥.កុំយកអាហារណាដែលមានក្លិនខ្លាំងមកញ៉ាំលើយន្តហោះ៖ ទោះបីវាជាសិទ្ធិបុគ្គល ប៉ុន្តែគួរណាមានការគិតគូរដល់អ្នករួមដំណើររបស់យើងដែលនៅជិតៗគ្នា ព្រោះអាហារមួយចំនួន វាពិតជាមានក្លិនខ្លាំងនៅពេលដែលអ្នកដកចេញមក តួយ៉ាងដូចជា សាំងវ៉ិចត្រីធូណា និងចំណីដែលមានខ្ទឹមបារាំងជាដើម…។
៦.កុំនៅសំងំស្ងៀម បើមានអារម្មណ៍មិនស្រួលក្នុងខ្លួន ឬឈឺ៖ ប្រសិនអ្នកមានអារម្មណ៍ដូចជាមិនស្រួលត្រង់ណា អ្នកគួរលើកដៃជាសញ្ញាប្រាប់ទៅក្រុមការងារលើយន្តហោះឱ្យជួយ មុនពេលអាការៈរបស់អ្នកកាន់តែធ្ងន់។
៧.កុំព្រងើយនឹងការប្រកាសពីការបង្ការគ្រោះអាសន្ន៖ វាពិតជារឿងសំខាន់ណាស់គ្រប់ពេលអ្នកជិះយន្តហោះ អាចនិយាយបានថា ស្ដាប់ទៅវាគួរឱ្យធុញបន្តិចមែន ប៉ុន្តែវាក៏សំខាន់ណាស់ដែរ សម្រាប់អ្នកដំណើរទាំងអស់ក្នុងការដឹងព័ត៌មានផ្សេងៗនៃការធ្វើដំណើររបស់យើង និងអាចប្រុងប្រយ័ត្នបានមុន៕










