បរទេស៖ ទើបតែខែមករា ឆ្នាំ២០២៤ សោះក្រុមហ៊ុនបច្ចេកវិទ្យាជិត ១០០ ដូចជា Meta, Amazon, Microsoft, Google, TikTok,YouTube និង Salesforce បានកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់ ដោយសារការកែទម្រង់ថ្មី ក៏ដូចជាវិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញនៃអាជីវកម្មយឺត។
យោងតាមវេទិកាតាមដានការងារតាមអ៊ីនធឺណិត layoffs.fyi កាលពីថ្ងៃទី២៩ ខែមករា បានឱ្យដឹងថា ក្រុមហ៊ុនជាច្រើនកំពុងកែសម្រួលបុគ្គលិកតាមវិធីចាប់ពីការកាត់បន្ថយតូចៗនៅក្នុងនាយកដ្ឋានរហូតដល់ការបញ្ឈប់បុគ្គលិកខ្នាតធំតែម្តង។ ដូច្នេះសរុបមក មនុស្សចំនួន ២៥,០០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកនឹងត្រូវបញ្ឈប់ពីការងារចាប់ពីដើមឆ្នាំ ២០២៤ នេះតទៅ។
លោក Jeff Shulman សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Washington’s Foster School of Business បាននិយាយថា ការបញ្ឈប់ការងារកើតឡើងនៅពេលដែលក្រុមហ៊ុនតូចៗអស់ប្រាក់ ខណៈដែលអាជីវកម្មធំៗរកឃើញថាការកាត់បន្ថយបុគ្គលិកជួយឱ្យពួកគេដំណើរការកាន់តែប្រសើរ។ ហេតុនេះហើយ តម្លៃភាគហ៊ុននៅលើទីផ្សារជារឿយៗកើនឡើងបន្ទាប់ពីការកែតម្រូវបុគ្គលិកនីមួយៗ។
រលកនៃការបញ្ឈប់ការងារនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ ហើយបានសាយភាយពេញមួយឆ្នាំ ២០២៣។ យោងតាម គេហទំព័រ layoffs.fyi ចំនួនសរុបនៃការបាត់បង់ការងារនៅក្នុងវិស័យបច្ចេកវិទ្យាកាលពីឆ្នាំមុនមានចំនួន ២២៤,៥០៣ នាក់។ រីឯនៅដើមឆ្នាំ ២០២៤ វិញចំនួនមនុស្ស ២៥,០០០ នាក់ដែលត្រូវបានបញ្ឈប់ពីការងារចាប់តាំងពីខែមករាគឺជិតមួយភាគបួននៃមនុស្ស ៨៩,៥៥៤ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕










