រូបភាពមួយសន្លឹកដែលបានចែករំលែកនៅលើវេទិកាអនឡាញកំពុងបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបភាពបានបង្ហាញថាមនុស្ស ១១០,២៦៩ នាក់ស្ថិតនៅក្នុងបញ្ជីរង់ចាំសម្រាប់ទិញសំបុត្រលក់មុននៃការប្រគំតន្រ្តី «H.E.R.»របស់ IU ដំណើរទេសចរណ៍ពិភពលោកនៅលើទឹកដីទីក្រុងសេអ៊ូល។
អ្នកដែលបង្ហោះរូបនោះកំពុងព្យាយាមទិញសំបុត្រលក់មុនសម្រាប់ការប្រគំតន្ត្រីរបស់ IUដែលអ្នកគាំទ្រត្រូវប្រឈមមុខនឹងពេលវេលារង់ចាំយ៉ាងជាក់លាក់ចំនួន ៦ ម៉ោង ៨នាទី និង ៧ វិនាទី មុនពេលឈានទៅជួរសម្រាប់ការទិញសំបុត្រនៅលើប្រព័ន្ធអនឡាញ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សចំនួន ២ ៤០៤ នាក់ទៀតនៅពីក្រោយពួកគេកំពុងរង់ចាំជួរ។
កាលពីសប្តាហ៍មុន IU បានបង្ហាញផែនការរបស់នាងសម្រាប់ឆ្នាំ ២០២៤ នៃការប្រគំតន្រ្តីរបស់ខ្លួនមានឈ្មោះថា «H.E.R.» ដែលការសម្តែងនាពេលខាងមុខរបស់នាងមាននៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើងសរុបចំនួន១៨ទីក្រុង។ ជាមួយនឹងការលក់សំបុត្រមុនបានវាយលុកទីផ្សារនៅថ្ងៃទី ២៦ ខែមករា អ្នកគាំទ្រមានការអន្ទះសារបានប្រមូលផ្តុំគ្នាភ្លាមៗនូវវេទិកាលក់សំបុត្រជាច្រើនក្នុងការប្រជែងគ្នាទិញដើម្បីទទួលបានកន្លែងដែលពួកគេចង់បាន។
ដំណើរទេសចរណ៍ពិភពលោករបស់ IU នៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល ធ្វើឡើងនៅថ្ងៃទី ២-៣ ខែមីនា និងថ្ងៃទី ៩-១០ ខែមីនា ឆ្នាំ២០២៤។ រូបថតនេះដែរ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េភ្ញាក់ផ្អើល ហើយពួកគេបានបញ្ចេញមតិជាច្រើនដែលតួលេខនៃអ្នករង់ចាំនេះពិតជាមិនធម្មតានោះទេ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ IU មានការប្រគំតន្រ្តីទោលមានឈ្មោះថា The Golden Hour: Under the Orange Sun ចំនួន២យប់នៅឯ Seoul Olympic Stadium ហើយបានទាក់ទាញអ្នកចូលរួមទស្សនាចំនួន ៨៨,០០០នាក់៕
 
		
	









