ភ្នំដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំង និងជាទីតាំងភូមិសាស្រ្តដ៏សំខាន់បំផុត ដែលត្រូវបានគេស្គាល់ថា “ភ្នំឥន្ទធនូ” គឺកំពុងតែមានវត្តមាននៅក្នុងប្រទេសចិន។
ភ្នំឥន្ទធនូដ៏ល្បីល្បាញនេះ ឬគេហៅថា ឧទ្យានភូគព្ភសាស្ត្រជាតិ Zhangye Danxia Landform ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Gansu ប្រទេសចិន។ ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥១០ គីឡូម៉ែត្រការ៉េ ដែលតំបន់ភ្នំពណ៌ចម្រុះមានប្រហែល ៥០ គីឡូម៉ែត្រការ៉េ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនៃភ្នំនេះ ព្រោះថាទីតាំងរបស់វាជាជម្រកនៃថ្មភក់ និងរ៉ែជាច្រើនប្រភេទដុះតាំងពីកកើតភពផែនដី។ ការធ្វើអុកស៊ីតកម្មរវាងអុកស៊ីហ្សែន(ខ្យល់)និងទឹកជំនន់អស់រយៈពេលរាប់រយលានឆ្នាំកន្លងមក បានធ្វើឲ្យថ្មភក់និងរ៉ែនៅទីនោះផ្លាស់ប្តូររូបរាងនិងពណ៌ចម្រុះបែបនេះ។ ការបង្ហាញដ៏អស្ចារ្យនៃឆ្នូតចម្រុះពណ៌ រួមមានទំាងពណ៌ក្រហម ទឹកក្រូច លឿង បៃតង និងខៀវ បានធ្វើឱ្យភ្នំនេះមានរូបរាងដ៏ចម្លែក ពិសេសនិងស្រស់ស្អាតបំផុតលើពិភពលោក។
ភ្នំឥន្ទធនូគឺជាអច្ឆរិយៈធម្មជាតិដ៏កម្រ និងមានតែមួយគត់ដែលបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក។ ពួកវាជាសក្ខីភាពមួយចំពោះកម្លាំងដ៏អស្ចារ្យដែលបានបង្កើតឡើងដោយភពផែនដីរបស់យើង ហើយវាពិតជាបានបង្ហាញនូវភាពស្រស់ស្អាត និងភាពសម្បូរបែបបំផុតនៃពិភពធម្មជាតិ។
គួរបញ្ជាក់ផងដែរថាភ្នំឥន្ទធនូនេះក៏បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ២០០៩ផងដែរ៕










