បរទេស៖ មនុស្សយន្ត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Robotiz3d នៃសាកលវិទ្យាល័យ Liverpool អាចជួយជួសជុលស្នាមប្រេះលឿនជាងមនុស្ស ៧០% និងការពាររន្ធប្រហោងធំៗ ដោយជួយសន្សំប្រាក់របស់រដ្ឋក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិ Daily Mail បានឱ្យដឹងថា មនុស្សយន្តជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោកនឹងចាប់ផ្តើមដំណើរការនៅលើដងផ្លូវនៃទីក្រុង Hertfordshire ប្រទេសអង់គ្លេសក្នុងរយៈពេលពីរបីខែខាងមុខនេះ ដើម្បីសាកល្បងបច្ចេកវិទ្យាជួសជុលដោយស្វ័យប្រវត្តិ។
ARRES PREVENT ដែលជាមនុស្សជួសជុលផ្លូវដំបូងបង្អស់របស់ពិភពលោក បានប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីស្វែងរក ចាត់ថ្នាក់ និងបំពេញស្នាមប្រេះដោយស្វ័យប្រវត្តិ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ មនុស្សយន្តនេះអាចប្រើប្រាស់យ៉ាងសកម្ម និងជួសជុលស្នាមប្រេះ ក៏ដូចជាអាចដោះស្រាយផ្លូវដែលលំបាកៗបានយ៉ាងលឿនផងដែរ។ នេះអាចធ្វើឱ្យការថែទាំផ្លូវមានតម្លៃថោក រួមទាំងមានប្រសិទ្ធភាពខ្ពស់ និងលឿនជាងការប្រើប្រាស់ថាមពលរបស់មនុស្ស។
មនុស្សយន្ត ARRES PREVENT គឺជាផលិតផលសហការរវាងក្រុមហ៊ុន Robotiz3d និងអ្នកជំនាញនៅសាកលវិទ្យាល័យ Liverpool និងក្រុមប្រឹក្សាវិស្វករផ្លូវហាយវេ Hertfordshire ។ មនុស្សយន្តនេះចាប់ផ្តើមផលិត និងអភិវឌ្ឍន៍នៅឆ្នាំ ២០២០ ដែលជាយានជំនិះជួសជុលផ្លូវដោយស្វ័យប្រវត្តិតែមួយគត់នៅលើពិភពលោក។ ទោះបីជាវាស្ថិតក្នុងដំណាក់កាលសាកល្បងបឋមក៏ដោយ វានឹងដំណើរការលើផ្លូវពិតៗនៅចុងឆ្នាំនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាខោនធី Hertfordshire បាននិយាយថា មនុស្សយន្តនឹងគាំទ្រកម្លាំងការងារដែលមានស្រាប់របស់ពួកគេ ហើយគោលបំណងរបស់យើងគឺប្រើប្រាស់មនុស្សយន្ត AI នេះជាមួយមនុស្ស មិនមែនជំនួសវាទេ ដោយវានឹងស្វែងរក ក៏ដូចជាជួសជុលស្នាមប្រេះនៅលើផ្លូវដោយស្វ័យប្រវត្តិ ខណៈពេលដែលក្រុមអ្នកបច្ចេកទេសធ្វើការងារផ្សេងទៀត រួមទាំងចំណាយថវិការតិចក្នុងការប្រើប្រាស់វាទៀតផង។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអង់គ្លេសបានចំណាយប្រាក់ ៣.៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវនៅក្នុងតំបន់ភាគខាងកើត ភាគអាគ្នេយ៍ ភាគនិរតី និងទីក្រុងឡុងដ៍ជារៀងរាល់ឆ្នាំ ដោយសារផ្លូវនៅទីនោះតែងតែជួបការខូចខាតដូចជាមានស្នាមប្រេះ ឬមានប្រហោងធំៗជាដើម។ ហេតុនេះហើយ ការប្រើប្រាស់មនុស្សយន្ត ARRES នឹងជួយកាត់បន្ថយពេលវេលា ក៏ដូចជាមានតម្លៃថោកជាងការប្រើប្រាស់ថាមពលមនុស្ស ៩០% ដែលអាចជួយសន្សំសន្សំប្រាក់របស់រដ្ឋបានរាប់លានដុល្លារក្នុងការជួសជុលផ្លូវប្រចាំឆ្នាំ៕










