បរទេស៖ អ្នកជំនាញមានសុទិដ្ឋិនិយមថា ឆ្នាំនេះប្រទេសចិននឹងងើបឡើងវិញយ៉ាងពេញលេញ ដោយត្រលប់ទៅជាទីផ្សារទេសចរណ៍លំដាប់លេខមួយរបស់ពិភពលោកដូចកាលពីឆ្នាំ ២០១៩។
យោងតាមទិន្នន័យចុងក្រោយបំផុតពីអង្គការទេសចរណ៍ពិភពលោក (UNWTO) កាលពីថ្ងៃទី៧ ខែមករា បានបង្ហាញថា ប្រទេសចិននឹងមានការងើបឡើងវិញយ៉ាងពេញលេញនៅឆ្នាំនេះ ដោយភ្ញៀវទេសចរចិនដែលធ្វើដំណើរអន្តរជាតិងើបឡើងប្រហែល ៥៥% នៃកម្រិតមុនការរាតត្បាតក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣។ រីឯចំនួនអ្នកទេសចរដែលធ្វើដំណើរក្នុងប្រទេសចិនមានលើសពី ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ចំណែកចំនួនសំបុត្រយន្តហោះអន្តរជាតិវិញគឺស្មើនឹង ៥៧% ។
លោក Oliver Sedlinger អ្នកប្រឹក្សាទេសចរណ៍អន្តរជាតិនៅទីក្រុងប៉េកាំងបានព្យាករណ៍ថាប្រទេសចិនមានទស្សនវិស័យវិជ្ជមាននៅឆ្នាំ ២០២៤ ក៏ដូចជាសារៈសំខាន់នៃការបង្កើតការតភ្ជាប់ឡើងវិញ និងការធ្វើបច្ចុប្បន្នភាពនិន្នាការទីផ្សារ។ លោក Sedlinger បានវាយតម្លៃថាទីផ្សារចិននឹងមានសក្តានុពលខ្លាំង សម្រាប់ទីផ្សារប្រភពទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោក។
លោក Wolfgang Arlt នាយកវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍អន្តរជាតិចិនរំពឹងថាការ ប្រទេសចិនក្នុងឆ្នាំនេះនឹងវ៉ាដាច់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ក្នុងការត្រលប់មកដឹកនាំពិភពលោកវិញដោយចំនួនអ្នកទេសចរអាចមានកម្រិតខ្ពស់ដូចកាលពីឆ្នាំ ២០១៩ ខណៈដែលកាលពីឆ្នាំ ២០២៣ ប្រទេសទាំងបីនេះមានការប្រកួតប្រជែងស្មើគ្នាក្នុងទីផ្សារទេសចរពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ យោងតាមបណ្ឌិតសភាទេសចរណ៍ចិន និង UNWTO ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនបានធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៥៥ លាននាក់ ដោយចំណាយប្រាក់ ២៥៥ ពាន់លានដុល្លារនៅបរទេស ពោលគឺកើនឡើងទ្វេដងនៃភ្ញៀវទេសចរអាមេរិក និង ៣ ដងនៃជនជាតិអាល្លឺម៉ង់។ របាយការណ៍ថ្មីៗរបស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោកក៏បានបង្ហាញដែរថា ភ្ញៀវទេសចរចិនដីគោកបានវ៉ាដាច់ទីផ្សារផ្សេងទៀតក្នុងការចំណាយទិញទំនិញជាមួយនឹងការធ្វើដំណើរជាមធ្យម ១,៣៥០ ដុល្លារក្នុងមនុស្សម្នាក់ ដែលរួមចំណែកយ៉ាងសំខាន់សម្រាប់ទីផ្សារទេសចរណ៍ពិភពលោក។
លោក David Goodger នាយកប្រតិបត្តិនៃអឺរ៉ុប និងមជ្ឈិមបូព៌ានៅផ្នែកសេដ្ឋកិច្ចទេសចរណ៍បាននិយាយថា បច្ចុប្បន្នទេសចរណ៍ចិននឹងចាត់វិធានការបន្ថែមទៀតឆ្ពោះទៅរកការងើបឡើងវិញនៅឆ្នាំ ២០១៤ ដោយយើងព្យាករណ៍ថាការចំណាយទេសចរណ៍អន្តរជាតិនឹងលើសពីឆ្នាំ ២០១៩ នៅឆ្នាំនេះ ហើយភ្ញៀវចិនក៏នឹងទៅទស្សនាគោលដៅកាន់តែច្រើន និងចូលរួមក្នុងសកម្មភាពជាច្រើនទៀតផងដែរ៕










