Kylie Jenner រកចំណូលបានចំនួន១ លានដុល្លារ ត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ពីការលក់សំលៀកបំពាក់ក្នុងម៉ោងដំបូងនៃម៉ាកយីហោរបស់នាងមានឈ្មោះថា Khy ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី people នៅថ្ងៃទី៣ ខែវិច្ឆិកា។
ម៉ាក Khy ផ្តោតលើសំលៀកបំពាក់ធ្វើពីស្បែកក្លែងក្លាយ មានតម្លៃចន្លោះពី៤៨ដុល្លារដល់១៩៨ដុល្លារ។ Kylie Jenner បានបើកដំណើរការម៉ាកយីហោ Khy នៅថ្ងៃទី២៥ ខែតុលា មួយសប្តាហ៍មុនពេលដាក់លក់សំលៀកបំពាក់។ ម៉ាករបស់នាងបានសហការជាមួយ Namlia ដែលជាអ្នកច្នៃម៉ូតមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង។
កាលពីថ្ងៃទី ៣១ ខែតុលា Kylie បានចូលរួម ក្នុងពិធីប្រគល់រង្វាន់ទស្សនាវដ្ដី WSJ ជាមួយមិត្តប្រុស ដោយអ្នកទាំងពីរស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយទស្សនិកជនជាច្រើនជឿថា តារារូបនេះអាចនឹងដើរម៉ូត ឬពាក់ផលិតផលថ្មីរបស់ Khy នាពេលខាងមុខ។
គួរបញ្ជាក់ថា Kylie Jenner មានវ័យ២៦ឆ្នាំ ជាប្អូនស្រីរបស់ Kim Kardashian និង Kendall Jenner ដែលល្បីល្បាញតាមរយៈកម្មវិធីទូរទស្សន៍។ នាងត្រូវបានគេកោតសរសើរចំពោះម៉ូតសម្លៀកបំពាក់ និងរបៀបរស់នៅទាន់សម័យ ខណៈនាងមានអ្នកតាមដានលើបណ្ដាញសង្គមជាង ៣៩៨លាននាក់។ Kylie Jenner ស្រ្តីជំនួញដ៏មានឥទ្ធិលជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetic ផងដែរ៕