បរទេស៖ យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឱ្យដឹងថា បីសប្តាហ៍កន្លងមកនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស គឺជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតដែលគ្របដណ្តប់ជម្លោះក្នុងរយៈពេលជាងបីទសវត្សរ៍។
CPJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែតុលាថា យ៉ាងហោចណាស់អ្នកកាសែតចំនួន ២៩ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារលើកដំបូងដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ អង្គការនេះបានបន្ត ទៀតថា ខ្លួនបានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែតដែលរាយការណ៍ពីជម្លោះតាំងពីឆ្នាំ ១៩៩២ មកម្លេះ។
ក្នុងចំណោមអ្នកកាសែតដែលបានស្លាប់នោះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៤នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ១នាក់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតស៊ូមតិសារព័ត៌មានបានបន្ថែមថា ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំងដោយសារការដាច់ចរន្តទំនាក់ទំនងនៅហ្គាហ្សា។ សេចក្តីថ្លែងការណ៍របស់ CPJ បានសង្កត់ធ្ងន់ថា “នៅពេលដែលការិយាល័យព័ត៌មានបាត់បង់ទំនាក់ទំនងជាមួយក្រុម និងអ្នករាយការណ៍របស់ពួកគេនៅហ្គាហ្សា ដែលជាសាក្សីឯករាជ្យដែលផ្តល់ព័ត៌មានអំពីការវិវត្ត និងការស្លាប់នៅក្នុងសង្គ្រាមនេះ នោះពិភពលោកកំពុងបាត់បង់បង្អួចចូលទៅក្នុងការពិតនៃគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ”។
យោងតាមក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក Jawwal បានឱ្យដឹងថា ទំនាក់ទំនងនៅហ្គាហ្សាត្រូវបានរំខានយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេមិនអាចធានាសុវត្ថិភាពរបស់អ្នកកាសែតដែលរាយការណ៍ពីតំបន់ហ្គាហ្សាបាននោះទេ។
មិនត្រឹមតែអ្នកសារព័ត៌មាន បុគ្គលិកនៃអង្គការអន្តរជាតិ និងអង្គការមនុស្សធម៌ក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅថ្ងៃទី ២៧ ខែតុលា ចំនួនបុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានសម្លាប់នៅហ្គាហ្សាបានកើនឡើងដល់ ៥៣ នាក់ បន្ទាប់ពីមនុស្ស ១៤ នាក់បានស្លាប់នៅក្នុងការវាយប្រហាររយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕
ប្រភព៖cfef.com










