ហុងកុង៖ ទីក្រុងហុងកុងនឹងផ្តល់ជូនសំបុត្រទទួលទានអាហារឥតគិតថ្លៃចំនួន ១ លានសន្លឹកសម្រាប់ភ្ញៀវទេសចរណាដែលមកកំសាន្តនៅហុងកុង ដោយម្នាក់ទទួលបាន ១ សន្លឹក ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
យោងតាមសារព័ត៌មាន Adobo Magazine ដែលបានចុះផ្សាយនៅថ្ងៃទី ២៥ ខែតុលាថា ក្រុមប្រឹក្សាទេសចរណ៍ហុងកុងនឹងធ្វើយុទ្ធនាការចែកជូនសំបុត្រទទួលទានអាហារឥតគិតថ្លៃចំនួន ១ លានសន្លឹក ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទស្សនាកម្សាន្តពេលរាត្រីនៅកំពង់ផែធំ ដោយយុទ្ធនាការនេះរួមមានសកម្មភាពជាច្រើនដែលធ្វើឡើងចាប់ពីចុងខែតុលារហូតដល់ដំណាច់ឆ្នាំ។
អ្វីដែលពិសេសនោះគឺកម្មវិធីចែកសំបុត្រ ១ លានសន្លឹកសម្រាប់ភ្ញៀវអន្តរជាតិ ដោយម្នាក់ទទួលបាន ១ សន្លឹកមានតម្លៃ ១០០ ដុល្លារហុងកុង។ ដូច្នេះភ្ញៀវទេសចរអន្តរជាតិអាចមកទស្សនាបាននៅបារ និងភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ ល្ងាច ដោយអនុវត្តចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ថែមពីលើកម្មវិធីផ្តល់សំបុត្រនេះ ក្រុមប្រឹក្សាទេសចរណ៍ហុងកុងក៏មានសកម្មភាព “Taste Around Town” ដោយណែនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់បារ និងភោជនីយដ្ឋានល្បីៗលើពិភពលោកផងដែរ។
នៅក្នុងចុងឆ្នាំ ២០២៣ នេះក៏មានពិធីបុណ្យរដូវរងាដែលត្រូវបានប្រារព្ធឡើងនៅលើឆ្នេរ Victoria ក៏ដូចជាពិធីបុណ្យតន្ត្រី Clockenflap រួមទាំងថ្ងៃចូលឆ្នាំសកលនៅ Victoria Bay ផងដែរ។ គោលបំណងនៃការចែកសំបុត្រឥតគិតថ្លៃដល់ភ្ញៀវអន្តរជាតិ គឺដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចពេលយប់ និងបំពេញតម្រូវការទិញទំនិញរបស់ភ្ញៀវទេសចរ ក៏ដូចជាបង្កើនម៉ោងបើកដើម្បីស្វាគមន៍អតិថិជន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នទីក្រុងហុងកុងកំពុងព្យាយាមប្រកួតប្រជែងយ៉ាងខ្លាំងក្លាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កាលពីដើមខែមីនា កំពង់ផែធំរបស់ហុងកុងបានផ្តល់សំបុត្រឥតគិតថ្លៃចំនួន ៥០០,០០០ សន្លឹកដល់ភ្ញៀវទេសចរជុំវិញពិភពលោក រួមទាំងសំបុត្រទៅមកចំនួន ៨០,០០០ សន្លឹកនៅអាស៊ីអាគ្នេយ៍ទៀតផង៕










