នារាត្រីថ្ងៃទី២២ តុលា កម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2023 បានឈានចូលដល់វគ្គប្រកួតបឋមហើយ ដោយបវរកញ្ញាតំណាងប្រទេសនីមួយៗបង្ហាញការដើររបស់ខ្លួននៅក្នុងឈុតហែលទឹក និងក្នុងឈុតរាត្រីសម្រោលសរួមទាំងប្រកាសឈ្មោះប្រទេសរបស់ខ្លួន។
វគ្គនេះផងដែរ បវរកញ្ញា ភឹម ស្រីនោ តំណាងឱ្យប្រទេសកម្ពុជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាពោលសរសើរយ៉ាងខ្លាំងថានាងធ្វើបានល្អទាំងការដើរ ទាំងការបញ្ចេញទឹកមុខ ការរៀបចំខ្លួន ក្រវាសសក់ គឺធ្វើបានល្អ។ អ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាសរសើរខ្លាំងជាងគេនោះគឺការបញ្ចេញទឹកមុខដ៏ទាក់ទាញរបស់ ភឹម ស្រីនោ តែម្តង។
ជាមួយនឹងការសរសើរនេះអ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បវរកញ្ញាតំណាងប្រទេសដែលខិតខំតស៊ូអស់កម្លាំងកាយចិត្តដើម្បីមុខមាត់ប្រទេសខ្លួន។ ជាក់ស្តែងកាលពីបង្ហាញឈុតតំណាងជាតិ «ស៊ីក្លូ» ដោយសារតែឈុតមានទម្ងន់ធ្វើឱ្យដៃរបស់ ភឹម ស្រីនោ មានស្នាមជាំទៀតផង ប៉ុន្តែរូបនាងនៅតែព្យាយាមធ្វើបានយ៉ាងល្អបំផុត។
លើសពីនេះអ្នកគាំទ្រកម្ពុជា បានបង្ហាញការគាំទ្រពីចម្ងាយទោះបីជាមិនបានទៅគាំទ្រផ្ទាល់នៅប្រទេសវៀតណាមប៉ុន្តែពួកគេបានជួលរោងកុនដើម្បីទស្សនាការប្រកួតបឋមរបស់ ភឹម ស្រីនោ ផងដែររួមទាំងមានការបញ្ចាំងវីដេអូនៅលើផ្ទាំងបាណូជាដើម។
គួរបញ្ជាក់ផងដែរថាវគ្គផ្តាច់ព្រ័ត្រ Miss Grand International 2023 នឹងប្រព្រឹត្តនៅថ្ងៃទី២៥ តុលា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕










