ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។
ស្ពាននេះ ត្រូវបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី។
ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។
ស្ពាននេះ ក៏សាងពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រប៉ុណ្ណោះដែលធ្វើពីថ្មភក់។ ស្ពានទ័ព ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នស្ពានទ័ព ឬស្ពានអូរជីកនេះ ហាក់មានសភាពមិនសូវល្អ ដោយបង្កាន់ដៃនាគ និងជើងទម្រមានការខូចខាតខ្លាំង និងសរសរជើងស្ពានវិញ ទទួលការសឹករិចរឹលខ្លាំង៕










