ប្រទេសថៃ ៖ អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍ជឿជាក់ថា ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៥០% នៅខែតុលា ឆ្នាំ២០២៣ ព្រមទាំងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍រយៈពេល៣ខែ (ចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៣) ចំនួន៥ម៉ឺនលានបាត ។ ប៉ុន្តែវិស័យទេសចរណ៍របស់ប្រទេសថៃនឹងងើបឡើងវិញនៅដើមឆ្នាំ២០២៤ ។
នាយកសមាគមទីផ្សារទេសចរណ៍ប្រទេសថៃលើកឡើងថា ហេតុការណ៍បា.ញ់ប្រ.ហារនៅ SIAM PARAGON ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន២នាក់ និងរងរបួ.ស៥នាក់ បានធ្វើឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពនៅប្រទេសថៃ ។ លើសពីនេះ វាអាចប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃ នៅខែតុលា ឆ្នាំ២០២៣ ក្រោយពីថៃចាប់តែចាប់ផ្តើមលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនភ្លាមៗប្រមាណ៥០% នៅខែតុលា ខណៈប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចំនួន៧សែននាក់ ។ ដូច្នេះ ភ្ញៀវទេសចរចិននឹងនៅសល់ត្រឹមតែ៣សែននាក់ប៉ុណ្ណោះ ។
ចំណែករយៈពេល២ខែទៀត គឺចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចិនអាចនឹងបាត់បង់ប្រមាណ៣០% ក្នុង១ខែ ។ សរុបមក រយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៧សែន៧ម៉ឺននាក់ ។ ចំណែកភ្ញៀវទេសចរផ្សេងទៀតដូចជា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ក៏អាចបាត់បង់មួយចំនួនផងដែរ ។
អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍ឱ្យដឹងថា ប្រទេសថៃនឹងបាត់បង់ប្រាក់ចំណូលចំនួន៥ម៉ឺនលានបាតសម្រាប់រយៈពេល៣ខែចុងឆ្នាំ២០២៣ ដែលបង្កឡើងដោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បានបា.ញ់ប្រ.ហារនៅ SIAM PARAGON ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសថៃ និងនៅតំបន់អាស៊ាន ។ អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍រំពឹងថា វិស័យទេសចរណ៍ប្រទេសថៃនឹងងើបឡើងវិញនៅដើមឆ្នាំ២០២៤ ៕










