នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី ព្រមគ្នាតែម្ដងក្នុងរយៈពេលមួយម៉ោង។
ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺមកពី៖
• ក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
• ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
• ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន
ការធ្វើដំណើរការសាកល្បងនេះ គឺដើម្បីធានាបានថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ព្រមទាំងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើងក្នុងឆ្នាំ ២០៤០៕











