នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ yuijung03 បានបង្ហោះវីដេអូហេតុការណ៍ចលាចលនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ ខណៈត្រៀមធ្វើដំណើរចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ទៅកាន់តៃវ៉ាន់ ។ ក្នុងវីដេអូនេះបានបង្ហាញពីអ្នកដំណើរនាំគ្នាក្រោកឈរមើលអ្វីម្យ៉ាងនៅបរិវេណកៅអីអង្គុយមួយកន្លែង ក្រោយមក ទើបគេដឹងថា វាជាប្រភេទសត្វ Otters ដែលមានលក្ខណៈស្រដៀងគ្នានឹងសត្វកណ្តុរ ។
ម្ចាស់វីដេអូបានសរសេរថា ៖ «ហេតុការណ៍នេះកើតឡើងដោយសារអ្នកដំណើរបានលួចយកសត្វចិញ្ចឹមរបស់ខ្លួនឡើងលើយន្តហោះ ។ បុគ្គលិកបម្រើការលើយន្តហោះអាចចាប់បានសត្វនេះចំនួន៣ក្បាលពីកន្លែងអង្គុយរបស់អ្នកដំណើរ ហើយគ្មានអ្នកណាម្នាក់ទទួលថា ជាម្ចាស់សត្វនេះទេ ព្រោះខុសច្បាប់» ។ បន្ទាប់ពីវីដេអូខាងលើបានបង្ហោះក្នុងបណ្តាញសង្គម មានមនុស្សជាច្រើននាក់ចូលមកបញ្ចេញមតិអំពីហេតុការណ៍នេះ ។
ម្ចាស់វីដេអូបាននិយាយប្រាប់សារព័ត៌មានថា ខ្លួនរៀបនឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់តៃវ៉ាន់ ប៉ុន្តែស្រាប់តែប្រទះឃើញសត្វនៅលើយន្តហោះ ហើយបុគ្គលិកបម្រើការលើយន្តហោះនាំគ្នាដេញចាប់ ប៉ុន្តែគ្មានអ្នកណាម្នាក់ទទួលថា ខ្លួនជាម្ចាស់ទេ ។ នៅពេលធ្វើដំណើរដល់តៃវ៉ាន់ ខាងយន្តហោះក៏ត្រួតពិនិត្យកាបូបអ្នកដំណើរម្នាក់ៗ ហើយអ្នកដំណើរទាំងអស់ត្រូវរង់ចាំរយៈពេល១ម៉ោង និងមិនអាចចុះពីយន្តហោះបានទេ ។
ម្ចាស់វីដេអូបន្តថា ខាងយន្តហោះនៅតែមិនអាចរកម្ចាស់សត្វឃើញទៀត ហើយក្រោយពីខាងយន្តហោះបានត្រួតពិនិត្យកាបូបខ្លួនរួច ខ្លួនក៏បានចុះពីលើយន្តហោះ ដោយសារស្រេកទឹក និងឃ្លានបាយខ្លាំងពេក ។ ដូច្នេះ មិនដឹងថា ក្រោយពេលខ្លួនចុះមក តើខាងយន្តហោះអាចរកឃើញម្ចាស់សត្វឃើញដែរឬទេ ៕ ប្រភព ៖ 3plus News










