បរទេស៖ ថ្មីៗនេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិ Meta បានប្រកាសលក់ផ្ទះមួយក្នុងចំនោមផ្ទះនៅ San Francisco របស់គាត់ក្នុងតម្លៃ ៣១ លានដុល្លារនៃកិច្ចព្រមព្រៀងក្រៅទីផ្សារ នេះបើយោងតាមអ្នកស្រី Priscilla Chan ភរិយារបស់ Mark។
យោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៤ ខែតុលាថា ផ្ទះមួយរបស់ Mark នៅ San Francisco មានទំហំ ៧,៣៨៦ ហ្វីតការ៉េ ដែលត្រូវបានគេដឹងថា សាងសង់ក្នុងឆ្នាំ ១៩២៨ មានបន្ទប់គេងចំនួន ៤ និងបន្ទប់ទឹកចំនួន ៤ ហើយស្ថិតនៅសង្កាត់ Mission District និងសង្កាត់ Dolores Heights នៃទីក្រុង San Francisco សហរដ្ឋអាមេរិក។
នាយកប្រតិបត្តិ Meta វ័យ ៣៨ ឆ្នាំ និងប្រពន្ធរបស់គាត់ បានទិញផ្ទះនេះក្នុងឆ្នាំ ២០១២ ក្នុងតម្លៃត្រឹមតែ ១០ លានដុល្លារប៉ុណ្ណោះ។ នៅពេលដែលគូស្នេហ៍នេះបានទិញផ្ទះកាលពី ១១ ឆ្នាំមុន វាមានទំហំតូចជាង ១,៨០០ ហ្វីតការ៉េ បន្ទាប់មកគាត់បានពង្រីកទីធ្លារផ្ទះរបស់គាត់បន្ថែម ដោយការទិញដីនៅក្បែរនោះ។
ទោះជាយ៉ាងណានាយកប្រតិបត្តិ Meta និងភរិយារបស់គាត់កាលពីខែមីនាឆ្នាំ ២០២២ ពួកគេបានទិញដីជិត ៦០០ ហិចតាបន្ថែមទៀតនៅលើកោះហាវ៉ៃ ក្នុងតម្លៃ ៥៣ លានដុល្លារអាមេរិក នេះបើតាមការរាយការណ៍របស់ Mansion Global។ មិនតែប៉ុណ្ណោះនៅខែឧសភាឆ្នាំដដែលនោះ អ្នកទាំងពីរក៏បានទិញផ្ទះមួយទៀតដែលមានតម្លៃ ៥.៣ លានដុល្លារ។ ដូច្នេះហើយ បច្ចុប្បន្នលោក Mark Zuckerberg និងអ្នកស្រី Priscilla Chan បានកាន់កាប់ដីសរុបរបស់ពួកគេដល់ជាង ១,៣០០ ហិចតានៅលើកោះហាវ៉ៃសហរដ្ឋអាមេរិក៕










