ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” នាពេលខាងមុខ យើងត្រូវសិក្សាមើលរវាងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ត្រូវតម្រង់ទិស និងបណ្តុះបណ្តាលឱ្យបានទាន់ពេលវេលា ទាន់សភាពការណ៍”។
សម្តេចបានសង្កត់ធ្ងន់ថា៖”គោលដៅរបស់ខ្ញុំដឹកនាំ គឺខំប្រឹងធ្វើឱ្យសាលារដ្ឋត្រូវតែកែទម្រង់ឱ្យមានគុណភាពអប់រំល្អដូចៗគ្នា មិនចាំបាច់បងប្អូនលំបាកដឹកកូនទៅរកសាលាល្អឆា្ងយផ្ទះទេ សាលាក្បែរផ្ទះក៏ល្អដូចគ្នា”។
ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)៕










