បរទេស៖ យោងតាមរដ្ឋមន្ត្រី Mohsin Naqvi នៃខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃទី ២ ខែតុលាថា ក្រុមប៉ូលីសរបស់អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៨ នាក់ពីបទជួញដូរក្រលៀនចំនួន ៣២៨ ឱ្យទៅអតិថិជនក្នុងតម្លៃរហូតដល់ ១០ លានរូពី (ប្រមាណ ៣៤,០០០ ដុល្លារ) ក្នុងមួយផ្លែ។
លោក Naqvi បានបន្តទៀតថា មេខ្លោងដែលបានធ្វើការវះកាត់តម្រងនោមនោះមានឈ្មោះថា Fawad Mukhtar។ ដើមឡើយលោក Fawad គឺជាគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់នៅមន្ទីរពេទ្យ Lahore General ប៉ុន្តែត្រូវបានបណ្តេញចេញពីការងារ។
ក្រោយមកគាត់បានល្បួងអ្នកជំងឺឱ្យមកវះកាត់តម្រងនោមនៅគ្លីនិកឯកជនមួយក្នុងទីក្រុង Taxila ដែលជាកន្លែងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។ បន្ទាប់មកអាជ្ញាធរបានកត់ត្រាការស្លាប់យ៉ាងហោចណាស់បីនាក់ពីគ្លីនិកនេះ ដោយប៉ូលីសបានចំណាយពេលជិត ២ ខែក្នុងការស៊ើបអង្កេត។ ដូច្នេះហើយ នៅទីបំផុតប៉ូលីសក៏បានចាប់ខ្លួនលោក Fawad រួមទាំងជនខិតខូច ៧ នាក់ទៀតពីបទជួញដូរក្រលៀនដោយខុសច្បាប់ និងដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ រួមទាំងពិន័យជាប្រាក់ចំនួន ៣,៤០០ ដុល្លារក្នុងម្នាក់។
គួរបញ្ជាក់ដែរថា ប្រទេសប៉ាគីស្ថានបានហាមឃាត់ការលក់សរីរាង្គមនុស្សតាំងពីឆ្នាំ ២០០៧ ប៉ុន្តែច្បាប់នេះត្រូវបានពង្រឹងនៅក្នុងឆ្នាំ ២០១០។ មុនពេលច្បាប់នេះត្រូវបានអនុម័ត ប៉ាគីស្ថានគឺជាមជ្ឈមណ្ឌលជួញដូរសរីរាង្គសម្រាប់ជនបរទេស និងប្រជាជនប៉ាគីស្ថានណាដែលមានទ្រព្យសម្បត្តិដែលកំពុងស្វែងរកការប្តូរសរីរាង្គ៕
ប្រភព៖vnexpress










