រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី៤ ខែតុលា បានជូនដំណឹងដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ឱ្យបានជ្រាបថាដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងក៏ដូចជាការបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។
កម្មវិធីសប្បាយៗរយៈពេល២ថ្ងៃនេះនឹងមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ។ ចំណែកនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។
គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបងគឺជាខេត្តគោលដៅរបស់ទេសចរមួយព្រោះខេត្តនេះ មានតំបន់ទេសចរណ៍ច្រើនកន្លែងទាំងបែបធម្មជាតិ និងតំបន់កែច្នៃ រួមទាំងនសំណល់វប្បធម៌បុរាណជាច្រើនដែលមិនគួរមើលរំលង៕ 











