រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំងក្លា ប្រឆាំងនឹងតៃវ៉ាន់ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ដើម្បីបង្ខំឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ ទទួលស្គាល់នូវដែនអធិបតេយ្យភាពរបស់ចិន ហើយបន្ថែមពីលើនេះ ប្រទេសមហាយក្សអាស៊ីមួយនេះ កំពុងតែបង្ហាញនូវយន្ដហោះប្រយុទ្ធគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់ត្រៀម ធ្វើសង្គ្រាមលុកលុយទៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។
សារព័ត៌មាន Asia Times បានចេញផ្សាយ កាលពីរសៀល ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ថា ប្រទេសចិន បានដាក់បង្ហាញដ្រូនឃ្លាំមើល ហោះហើយ ចម្ងាយឆ្ងាយ ដែលគេស្គាល់ ឈ្មោះ KVD002 ។ ដ្រូនប្រភេទនេះ ក្លាយជាអាវុធពិសេសមួយប្រភេទ សម្រាប់វាយប្រហារពីលើអាកាស ហើយវានឹងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើសង្គ្រាមផ្ទុះឡើង នៅលើកោះតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ ចិន China Daily បានរាយការណ៍ ថា កងកម្លាំងជើងគោក នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានបង្ហាញដ្រូនប្រយុទ្ធដំបូងរបស់ខ្លួន អាចហោះហើរ សហការជាមួយនឹងឧទ្ធម្ភាគចក្រ នៅក្នុងប្រតិបត្តិការប្រយុទ្ធ ផ្តល់ការស៊ើបការណ៍ពីលើសមរភូមិ និង ដឹកនាំឧទ្ធម្ភាគចក្រវាយប្រហារ ទៅកាន់គោលដៅរបស់វា ហើយវាអាចហោះហើរ ចុះចត រយៈពេលខ្លី និង នៅលើខ្ពង់រាបណាមួយ។
បើតាមសារព័ត៌មាន China Daily បានរាយការណ៍ កាលពីដើមខែកញ្ញា ថា ដ្រូន KVD002 អាចបំពាក់មីស៊ីល AR-1 ចំនួនគ្រាប់ នៅពីក្រោមស្លាប ហើយអាចបំពាក់ឧបករណ៍ឈ្លបយកការណ៍ នៅក្រោមតួរបស់វា។ យន្តហោះគ្មានមនុស្សបើកថ្មីនេះ បានរចនាឡើង តាមទម្រង់ដ្រូន CH-4 ដែលជាដ្រូនប្រយុទ្ធលក់ដាច់បំផុតរបស់ប្រទេសចិន។
ដ្រូន CH-4 អាចហោះនៅក្នុងកម្ពស់ខ្ពស់ រហូតដល់រយៈពេល៣០ម៉ោង ជាមួយនឹងល្បឿន អតិបរមា ចម្ងាយ២៣០គីឡូម៉ែត្រ នៅក្នុងមួយម៉ោង ហើយវាអាចផ្ទុកអាវុធ និង ឧបករណ៍ ជិតទម្ងន់៣៥០គីឡូក្រាម រួមទាំង មីស៊ីល គ្រាប់បែក រ៉ាដា កាមេរ៉ា …ជាដើម។ អ្វីជាការកត់សម្គាល់នោះ ដ្រូន CH-4 បានប្រមូលពេលវេលាហោះហើរ ជាង ២0 000ម៉ោង នៅទូទាំងពិភពលោក។
ជាមួយគ្នានេះ បណ្ដាញផ្សព្វផ្សាយ Global Times គ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន បានរាយការណ៍ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ថា ដ្រូន KVD002 ទំនងជាបានចូលរួម នៅក្នុងការល្បាត និង សមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០២២ រហូតមក។ ប៉ុន្តែកាលពីមុន ដ្រូននេះ ត្រូវបានស្គាល់ ថា ជាដ្រូន CH-4 ។ បើតាមរបាយការណ៍ បានណែនាំ ថា ដ្រុនKVD002 ជាប្រភេទ CH-4 ដែលត្រូវបានប្ដូរតាមបំណងយ៉ាងពិសេស សម្រាប់កងទ័ពថ្មើរជើងរបស់ចិន៕










