ថ្ងៃទី២៥ កញ្ញា ខាងផលិតកម្ម YG បានច្រាលចោលពាក្យចចាមអារ៉ាមម្តងទៀតបន្ទាប់ពីមានការរាយការណ៍ថាសមាជិក Jennie និង Jisoo ក្រុម BLACKPINK មិនបន្តកុងត្រាហើយទៅបើកផលិតកម្មខ្លួនឯង។ ម្តងហើយម្តងទៀតអ្នកគាំទ្រសង្កេតឃើញថា YG ចេញមកបញ្ជាក់ពាក្យចចាមអារ៉ាមរបស់ក្រុមនេះ ប៉ុន្តែបែរជាមិនឃើញចេញមកបញ្ជាក់ឬចេញសេចក្តីថ្លែងការជាក់លាក់ណាមួយជុំវិញរឿង Ahyeon ចាកចេញពីក្រុម Baby Monsterឡើយ។
ពាក្យចចាមអារ៉ាមដែលកំពុងកើតមាននៅលើបណ្តាញអ៊ីនធឺណែតដោយមានការចែករំលែកថាក្រុមចម្រៀងនារី Baby Monster របស់ក្រុមហ៊ុន YG Entertainment អាចនឹងបង្ហាញខ្លួនជាលើកដំបូងដោយគ្មាន Ahyeon បន្ទាប់ពីគេបានប្រទះឃើញសមាជិកតែ៦នាក់បានចូលរួមនៅក្នុងការប្រគំតន្ត្រីវគ្គចុងក្រោយរបស់ BLACKPINK កាលពីពេលថ្មីៗនេះ។
ហេតុផលសម្រាប់ការព្រួយបារម្ភរបស់អ្នកគាំទ្រនោះគឺថា សមាជិក Ahyeon ដែលត្រូវបានបញ្ជាក់ថាជាសមាជិករបស់ Baby Monster ក្នុងកម្មវិធី survival របស់ពួកគេ គឺជាសមាជិកតែមួយគត់ដែលមិនបានចូលរួម។ នេះបាននាំឱ្យមានពាក្យចចាមអារ៉ាមបានសាយភាយយ៉ាងឆាប់រហ័សជាមួយអ្នកគាំទ្រសម្តែងការព្រួយបារម្ភថា Ahyeon អាចនឹងមិនបង្ហាញខ្លួនជាមួយក្រុមឡើយ។
អ្នកប្រើប្រាស់ Twitter ម្នាក់បានបង្ហោះរូបថតរបស់សមាជិក Baby Monster ទាំង៦រូបដែលកំពុងមើល BLACKPINK សម្តែងពីចម្ងាយ ហើយបានសរសេរថា “ខ្ញុំចាប់ផ្តើមគិតច្រើនហើយពេលនេះ…… តើ [Ahyeon] នៅឯណា? ។ ទោះយ៉ាងណា ពាក្យចចាមអារ៉ាមនេះខាងផលិតកម្ម YG មិនបានចេញមុខច្រានចោលនោះទេ ទោះបីជាមានការចែកចាយនិងផ្ទុះពេញអ៊ីនធឺណែតក៏ដោយ។
គួរបញ្ជាក់ផងដែរថា Ahyeon គឺជាសមាជិកលេចធ្លោម្នាក់របស់ Baby Monster ថែមទាំងទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្របន្ទាប់ពីបង្ហើរសំឡេង Cover បទ Dangerously ។ កាលពីខែឧសភា កន្លងទៅសមាជិករូបនេះត្រូវអ្នកលេងបណ្តាញអ៊ីនធឺណែតទាមទារឱ្យYGដកនាងចេញពីក្រុមបន្ទាប់ពីមានវីដេអូមួយដែលនាងបានរ៉េបក្នុងសាលាប្រើពាក្យពេចន៍ទាក់ទងនឹងការរើសអើងជាតិសាសន៍៕










